ពលរដ្ឋ​ ក្នុង​ស្រុក​បាធាយ​ ​សាទរ​ចំពោះ​អភិបាលខេត្តកំពង់ចាម​ ដែល​រក​ដំណោះស្រាយ​ ករណី​វិវាទ​ដី​ទី​ទួល​សុវត្ថិភាព​ ជូន​ពួក​គាត់​

0

កំពង់ចាម​:​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ​ពាក់ព័ន្ធ​ នារសៀល​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០១៩នេះ​ បាន​អញ្ជើញ​ចុះពិនិត្យ​ដោះស្រាយនូវករណីបណ្តឹងរបស់ប្រជាពលរដ្ឋ​ ជាច្រេីនគ្រួសារ​ រស់នៅក្នុងភូមិក្រដាស​ ក និងភូមិក្រដាស ខ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម​ ដែល​ពួក​គាត់​កេីតទុក្ខ​ មិនសុទ្ធចិត្តក្នុងការកាយ​យក​អាចម៍​ដី និងថ្មភ្នំ​ របស់​ក្រុមហ៊ុន​មួយ​ ព្រោះកន្លងមកតំបន់ភ្នំនេះ​ គឺបងប្អូនប្រជាពលរដ្ឋ​ធ្លាប់​អាស្រ័យផល​ និង​ជា​ទីទួល​សុវត្ថិភាព​ក្នុងរដូវទឹកឡេីង​ សម្រាប់​ពួកគាត់យក​សត្វ​គោក្របីមក​ជ្រកកោន​ផងដែរ​ ។

ការ​ចុះ​ដោះស្រាយ​បណ្តឹង​នេះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានសម្រេចចិត្ត ទី១-ឲ្យក្រុមហ៊ុនវិនិយោគថ្មភ្នំ ឈ្មោះ សុខ សុខា របស់លោកឧកញ៉ា សុខ សុខា ផ្អាកជាបណ្ដោះអាសន្ន​ ដេីម្បីរង់ចាំអនុវត្តន៍តាមច្បាប់អាជីវកម្មដែលកំណត់ដោយក្រសួងពាក់ពន្ធ័ជាមុនសិន ។ ទី​២-​ តំបន៉ភ្នំទាំងអស់រក្សាទុកជូនប្រជាជនអាស្រ័យផល និងជាទីទួលសុវត្ថិភាពដូចកន្លងមក ។ និង​ទី​៣-សូមប្រជាពលរដ្ឋថែរក្សាដើមឈើថ្មីៗ​ ដែលបានដាំលើភ្នំ ក្រោមការណែនាំពីឯកឧត្តម គួច ចំរើន​ អតីតៈអភិបាលខេត្តកំពង់ចាម ដើម្បីរក្សាព្រៃឈើទុកជាម្លប់និងប្រយោជន៍សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ផងដែរ​ ៕