ព្រះវិហារៈ ឯកឧត្តម ឧត្តមសេនីយ៍ទោ ចាន់ សុភ័ក្ត្រាមេបញ្ជាការតំបន់ប្រតិបត្តការសឹករង ខេត្តព្រះវិហារ បានធ្វើការជម្រុញ និងក្រើនរំឭក ទៅដល់មេបញ្ជាការគ្រប់បណ្ដាកងឯកភាព រួមនឹងនាយ ពលទាហានទាំងអស់ ចំណុះតំបន់ប្រតិបត្តការសឹករងខេត្តព្រះវិហារ ត្រូវគោរពធ្វើតាមតួនាទី និងមានទំនួលខុសត្រូវចំពោះភារកិច្ច ដែលថ្នាក់លើបានដាក់ចុះ។
សហការឲ្យបានល្អជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីរក្សាឲ្យបាន នូវសន្តិសុខសណ្ដាប់ធ្នាប់តាមបន្ទាត់ព្រំដែន និងថែរក្សាអាវុធយុទ្ធភ័ណ្ឌ ព្រមទាំងសហការទប់ស្កាត់ ជនចំណាក់ស្រុក ដែលលបលួចឆ្លងដែនចូលទៅកាប់ឈើនៅក្នុងទឹកដៃថៃ ដោយខុសច្បាប់ ក៍ដូចជាការចរាចណ៍ ការសេពគ្រឿងញៀន ហើយម្យាងវិញទៀត ត្រូវមានការសាមគ្គីភាព ផ្ទៃក្នុងឲ្យបានល្អប្រសើរ លើការងារគ្រប់គ្រងកម្លាំង ដែលមានតួនាទីភារកិច្ចឈរជើងតាមចំណុចគោលដៅ ឲ្យមានប្រសិទ្ធភាពស្របតាមគោលការ របស់អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ក៏ដូចជាបញ្ជាការដ្ឋានយោធភូមិភាគទី៤ ដែលបានប្រគល់ជូន។
ប្រសាសន៍ជំរុញ និងការក្រើនរំឭក របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ចាន់ សុភ័ក្ត្រា ថ្លែងលើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា ប្រចាំឆមាសទី១ ឆ្នាំ២០១៩ និងដាក់ចេញទិសដៅការងារយោធា ឆមាសទី២ ឆ្នាំ២០១៩ របស់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ។
យោងតាមរបាយការណ៍បូកសរុបលទ្ធផលប្រចាំឆមាសទី១ ឆ្នាំ២០១៩ ដែលអានដោយ លោកវរសេនីយ៍ឯក ម៉ៅ សុវណ្ណ មេបញ្ជាការរង ទទួលបន្ទុកសេនាធិការ របស់អង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ដែលអានដោយ លោកវរសេនីយ៍ឯក ម៉ៅ សុវណ្ណ មេបញ្ជាការរង ទទួលបន្ទុកសេនាធិការ សម្រេចបានរួមមាន: ភារកិច្ចការពារជាតិ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមចាត់តាំងសកម្មភាពល្បាត ត្រួតពិនិត្យតាមភូមិសាស្ត្រតំបន់ ដែលធ្លាប់មានបាតុភាព និងបទល្មើសកន្លងមក។
ចាត់តាំងបង្ក្រាបទប់ស្កាត់ដោយម្ចាស់ការ និងសហការណ៍ជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ តាមបទបញ្ជានិងនិតិវិធីច្បាប់។ ជាពិសេសបទល្មើសឆ្លងដែនខុសច្បាប់ ចូលទៅទឹកដីប្រទេសជិតខាង ការជួញដូរឈើក្រញូង បទល្មើសគ្រឿងញៀន ដែលជាបញ្ហាប្រឈមចំពោះមុខទៅថ្ងៃអានាគត។
មានប្រសាសន៍បន្តទៅកាន់នាយ និងពលទាហាន ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ ចាន់ សុភ័ក្ត្រា ក៏បានថ្លែងអំណគុណ និងលើកទឹកចិត្ត ដល់មេបញ្ជាការផ្នែកសឹករងទាំង៨ស្រុក ក្រុង ដែលបានខ្នះខ្នែងជាប្រចាំ លើការចុះសាងសង់ផ្ទះជួនអតីតយុទ្ធជន ដែលជាគោលការ របស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ស៊ុន សែន ជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ក៏ដូចជាទេសរដ្ឋមន្រ្តីគន់គីម អគ្គលេខាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជាផងដែរ៕សួនលីណា




































