ព្រះវិហារ: ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណអគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ បានអញ្ជើញដឹកនាំគណៈប្រតិភូនាយកដ្ឋានកណ្តាលនគរបាលព្រំដែន ចុះពិនិត្យសកម្មភាពសមយុទ្ធហ្វឹកហឺ្វន របស់នាយ និងពលនគរបាលវរសេនាតូចអន្តរាគមន៍ពិសេស ដែលកំពុងធ្វើការហ្វឹកហ្វឺន នៅទីបញ្ជាការនគរបាលជាតិយោធភូមិភាគទី៤ នៃទិសទី១ ប្រាសាទព្រះវិហារ។
នៅក្នុងដំណើរចុះពិនិត្យ មើលការហ្វឹកហាត់ របស់សិក្ខាកាមពេញមួយថ្ងៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ បានធ្វើការថ្លែង នូវការកោតសរសើរ លើកទឹកចិត្តខ្ពស់ចំពោះនាយ នឹងពលនគរបាល ដែលជាសិក្ខាកាមទាំងអស់ ពិសេសនាយនគរបាលដែលជាគ្រូបង្វឹក បានយកចិត្តទុកដាក់បញ្ចេញអស់លទ្ធភាព នៅមុខជំនាញដែលខ្លួនមានទាំងប៉ុន្មាន។ ដើម្បីផ្តល់ឲ្យសិក្ខាកាមបានក្រេបជញ្ជក់ និងហ្វឹកហាត់ក្នុងរយះពេល៣ខែកន្លងមកនេះ បានធ្វើឲ្យនាយ និងពលនគរបាល ដែលជាសិក្ខាកាមទាំងអស់ ទទួលបានលទ្ធផលដ៏ល្អគួរជាទីគាប់ចិត្តនាពេលនេះ ក៏ដូចជាទៅថ្ងៃអនាគត់នោះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ បានបញ្ជាក់ឲ្យដឹងដែរថា សិក្ខាកាមចូលរួមហ្វឹកហ្វឺនសរុបចំនួន៤៧០នាក់ ហ្វឹកហ្វឺនរយៈពេល៣ខែ ដោយចែកចេញជា៥មុខជំនាញ រួមមាន: មុខជំនាញយុទ្ធវិធីទ័ពព្រៃ យុទ្ធវិធីបាញ់កាំភ្លើងធំគាំទ្រ យុទ្ធវិធីហែលឆ្លងឧបសគ្គ មុខជំនាញយុទ្ធក្រម នឹងមុខជំនាញយុទ្ធវិធីរារាំង នឹងបង្ក្រាបក្រុមកុបកម្ម។
ជាមួយគ្នានោះ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ ក៏បានធ្វើកាផ្តាំផ្ញើរទៅដល់សិក្ខាកាមទាំងអស់ ធ្វើយ៉ាងណាត្រូវយកចំណេះវិជ្ជា នឹងមុខជំនាញ ទៅបំរើជាតិមាតុ និងបំរើប្រជាពលរដ្ឋឲ្យសមដូចពាក្យថា«កងកំលាំងប្រដាប់អាវុធប្រសូត្រចេញពីប្រជាពលរដ្ឋ ត្រូវបំរើប្រជាពលរដ្ឋគ្រប់កាលះទេសះដែលកើតមានចំពោះមុខជានិច្ច»៕សួនលីណា




































