រដ្ឋបាលខេត្ត​កំពតប្រជុំផ្សព្វផ្សាយស្ដីពីការចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ​កិច្ច​ការរដ្ឋបាល ក្នុងការិយបរិច្ឆេទ​២០១៨​

0

ខេត្តកំពត កាលពីព្រឹកថ្ងៃទី២៩ខែកក្កដា ឆ្នាំ ២០១៩ អគ្គនាយកដ្ឋាន​រដ្ឋបាលនៃក្រសួង​មហាផ្ទៃ​សហការជាមួយរដ្ឋបាលខេត្ត បានបើកកិច្ចប្រជុំផ្សព្វផ្សាយពីគោលបំណងស្ដីពីការចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ​លើការអនុវត្ត​កិច្ច​ការរដ្ឋបាល ក្នុងការិយបរិច្ឆេទ ២០១៨ ក្រោមវត្តមានចូលរួមអធិបតីភាព ឯកឧត្ដម ជាវ តាយ​អភិបាល​នៃគណៈអភិបាលខេត្ត ឯកឧត្ដម ជឹង ផល្លា​ប្រធានក្រុម​ប្រឹក្សាខេត្ត លោកសួស ប្រាថ្នា ប្រធានក្រុម​ការងារ​នៃអគ្គយកដ្ឋានរដ្ឋបាល​ក្រសួង​មហាផ្ទៃ​ និងមានការចូលរួម​ជាសមាជីក សមាជិកា​ពីសំណាក់​ឯកឧត្ដម លោកជំទាវ លោក-លោកស្រី​សមាជីក​ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្រ្តី​រាជការចំណុះសាលាខេត្ត។​
កិច្ច​ប្រជុំនេះបានផ្ដោតលើកិច្ចការមួយចំនួនសំខាន់គឺ៖​
-ពិនិត្យ​និងវាយតម្លៃ​លើការងារគ្រប់គ្រងចាត់ចែងរដ្ឋបាល។​
-ពិនិត្យ​លើការបំពេញតួនាទី ភារកិច្ច​របស់ក្រុមប្រឹក្សា គណៈអភិបាលនិងមន្រ្តី​រាជការ​។​
-ពិនិត្យ​លើការអនុវត្តមុខងារនៃការផ្ដល់សេវារដ្ឋបាល​និងសេវាសាធារណៈ​នានា
-ពិនិត្យ​នុកូលភាពលើសំណុំឯកសារលិខិតស្នាមរដ្ឋបាលនិងលិខិតបទដ្ឋានគតិយុត្តនិងពិនិត្យ​លើការងារផ្សេងៗមួយចំនួនទៀត។​
មានប្រសាសន៍​ក្នុងប្រជុំឯក​ឧត្ដម ជាវ តាយ​អភិបាល​ខេត្ត បានចាត់ទុក​កិច្ចប្រជុំ​ពេលនេះពិតជាមានសារៈសំខាន់គឺក្នុងគោលដៅពង្រឹងប្រព័ន្ធគ្រប់គ្រង​រដ្ឋបាលនៅថ្នាក់ក្រោមជាតិអោយកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់ស្មារតីនិងការទទួលខុសត្រូវក្នុងការ​អនុវត្ត​តួនាទី ភារកិច្ច​របស់ខ្លួនអោយស្របតាមគោលការណ៍ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត និងជាពិសេសជំរុញការចាត់ចែងអនុវត្តមុខងារ នៃការផ្ដល់សេវារដ្ឋបាលនិងសេវាសាធារណៈ ដើម្បីជួយលើកស្ទួយគុណភាព​ជីវិតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយគណនេយ្យភាព តម្លាភាព ប្រសិទ្ធ​ភាពខ្ពស់ និងបរិយាប័ន។ ឯកឧត្ដម​អភិបាល​ខេត្ត ក៏បានស្នើដល់ឯកឧត្តម​លោកជំទាវ​លោក-លោកស្រី​សមាជីក​សមាជិកា​ក្រុមប្រឹក្សា គណៈអភិបាលនិងមន្ត្រីរាជការចំណុះសាលាខេត្តនៅពេលនេះ សូមចូលរួមកិច្ចសហការ​សម្របសម្រួល​ជាមួយក្រុមការងារដើម្បីអោយការងារនេះបានសម្រេចឆាប់រហ័សនិងទទួលបានលទ្ធផលល្អប្រសើរ។