កំពង់ចាម: ឯកឧត្តទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តី ក្រសួង ធនធាន ទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមន្រ្តីបច្ចេកទេសក្រសួង មន្រ្តីគណៈកម្មាធិការគ្រប់គ្រងគ្រោះ
មហន្តរាយ និងអាជ្ញាធរពាក់ព័ន្ធ នាព្រឹក ថ្ងៃ ទី ២៩ ខែកក្កដា ឆ្នាំ ២០១៩នេះ បានអញ្ជើញចុះពិនិត្យ បច្ចេកទេស ទប់ស្កាត់ បណ្ដោះ អាសន្ន ចំពោះ ការបាក់ច្រាំងទន្លេ មេគង្គ ស្ថិត នៅក្នុង ឃុំពាមកោះស្នា និង ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ដោយ ទីតាំងខាងលើនេះ បានរងការបាក់ស្រុតជាបន្តបន្ទាប់ ព្រមទាំងអាចបណ្តាលឲ្យផ្លូវខេត្តលេខ២២៣ ប្រវែង៣០០ម៉ែត្រ ប្រឈមនឹងការបាក់ស្រុត ដែលអាចកាត់ផ្តាច់ចរាចរណ៍ពីស្រុកស្ទឹងត្រង់ នៃខេត្តកំពង់ចាម ទៅស្រុកព្រែកប្រសព្វនៃខេត្តក្រចេះផងដែរ ។
គួរបញ្ជាក់ថា បន្ទាប់ពីបានទទួលសំណើពី អាជ្ញាធរ ខេត្តកំពង់ចាម ឯកឧត្តមរដ្ឋមន្រ្តីបានបង្កើតក្រុមការងារចុះពិនិត្យ និងសិក្សានៅទីតាំងខាងលើ និងបានណែនាំលើវិធានការចំពោះមុខបន្ទាន់បណ្តោះអាសន្ន គឺត្រូវធ្វើច្រាំងការពារប្រវែង១០០០ម នៅក្នុងឆ្នាំនេះ ដោយក្នុងនោះនៅទីតាំង៖ ទី១ ៖ នៅភូមិក្រៅ ឃុំពាមកោះស្នា ស្រុក ស្ទឹងត្រង់ ប្រវែង ៥០០ម ទី២៖ នៅភូមិព្រះអណ្តូងទី២ ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ប្រវែង ២០០ម និង
ទី៣ ៖ នៅភូមិព្រែកស្តី ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ប្រវែង ៣០០ម ។ ដោយ ការងារនេះ បាននឹងកំពុងអនុវត្តចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា មកម្ល៉េះ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។
ការចុះពិនិត្យនាពេលនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបអំពីលទ្ធផលនៃការសិក្សារបស់ក្រុមការងារក្រសួងដែលបានធ្វើកន្លងមក និងលក្ខណៈបច្ចេកទេសដែលត្រូវដោះស្រាយ និងទប់ទល់លើការបាក់ច្រាំងនៅទីតាំងខាងលើ និងនៅទីតាំងផ្សេងទៀត។
ឯកឧត្តមអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តមអភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តី និងបានវាយតម្លៃខ្ពស់ចំពោះក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជាក្រុមការងារ បច្ចេកទេស ក្រសួង ដែលបានចាត់វិធានការបន្ទាន់ចំពោះមុខនាពេលនេះ ក៏ដូចជាវិធានការយូរអង្វែងដែលត្រូវអនុវត្តបន្តនាពេលខាងមុខ។
ឆ្លៀត ឱកាស ជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ពួកគាត់បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះបញ្ហាប្រឈម និងការលំបាករបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង តួយ៉ាងដូច ការបាក់ច្រាំងនៅភូមិសាស្រ្តមូលដ្ឋានពូកគាត់រស់នៅសព្វថ្ងៃនាពេលនេះ ជាសក្ខីកម្មស្រាប់។
ជាមួយ គ្នា នោះ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ដើម្បីបន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមនៃការបាក់ច្រាំងនៅទីតាំងខាងលើ ឲ្យបានប្រសើរ ក៏ដូចជា នៅទីតាំងប្រឈមផ្សេងៗទៀតនាពេលចំពោះមុខ ដោយនឹងសហការជាមួយអាជ្ញាធរដែនដីពាក់ព័ន្ធ ជាពិសេសជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយនូវហានីភ័យនៃការបាក់ច្រាំងដែលអាចបង្កនូវការខូតខាតដល់ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ និងនាពេលខាងមុខនៅមូលដ្ឋានដែលមានភាពប្រឈមនឹងការបាក់ច្រាំង ៕





































