ព្រះវិហារ: អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ ណារឿន មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ ដឹកនាំយកមកជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋ«ទីទាល់ក្រ»ចំនួន៣គ្រួសារ ដែលរស់នៅក្នុងភូមិត្រពាំងធំ និងភូមិទឹកក្រហម ស្ថិតក្នុងឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃច័ន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩ ក្រោមការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមូលដ្ឋានគ្រប់លំដាប់ថ្នាក់។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ ណារឿន មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ បានមានប្រសាសន៍ថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ ពីមន្ត្រីដែលជាថ្នាក់ដឹកនាំនៅក្នុងមូលដ្ឋាន ពិសេសលោកមេឃុំទឹកក្រហម ក៏ដូចជាការណែនាំចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងលោកជំទាវ ដែលតែងតែយកចិត្តទុក្ខដាក់ខ្ពស់ នៅក្នុងការចុះជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងជួបការលំបាកជាប់ជាប្រចាំ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ ណារឿន បានបន្តឲ្យដឹងទៀតថា គ្រឿងឧបភោគបរិភោគ និងថវិកា ដែលដឹកនាំយកមកជួយឧបត្ថម្ភ ជូនដល់គ្រួសារ «ទីទាល់ក្រ» នាឱកាសនេះក្នុងមួយគ្រួសារទទួលបាន អង្ករ ២បេ មី ២កេស ត្រីខ ៣យួរ ទឹកត្រី ២យួរ ទឹកស៊ីអុីវ ២យួរ ប៊ីចេង ២កញ្ចប់ ទឹកបរិសុទ្ធ ១០យួរ ក្រម៉ា ២ សារុង ២ និងថវិការចំនួន ១០ម៉ឺនរៀល។
ឯកឧត្តម មេបញ្ជាការរង បានមានប្រសាសន៍លើកឡើងថា អំណោយដែលយកមកជួយឧបត្ថម្ភទាំងអស់នេះ គឺមិនមានការប្រកាន់និន្នាការនយោបាយ ពណ៌សម្បូរ ឬសាសនាឡើយ អោយតែទីណាមានការលំបាក ទីនោះតែងតែមានការជូយឧបត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរ ពិសេសរាជរដ្ឋាភិបាលកម្ពុជា ជានិច្ច។
បន្ថែមពីនោះឯកឧត្តម ច័ន្ទ ណារឿន ក៏បានធ្វើការផ្តាំផ្ញើទៅដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នអោយបានខ្ពស់បំផុត ក្នុងការថែរក្សាសុខភាព ជាពិសេសការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងប្រុងប្រយ័ត្ន ពេលមានភ្លៀងផ្គររន្ទះ ដោយមិនត្រូវជ្រកក្រោមដើមឈើនោះឡើយ។
យោងតាមការលើកឡើង របស់លោក វ៉ន សារ៉ុម មេឃុំទឹកក្រហម បានឲ្យភ្នាក់ងារទូរទស្សន៍អប្សរា ប៉ុស្តិ៍លេខ១១ ប្រចាំខេត្តព្រះវិហារ ដឹងផងដែរថា នៅក្នុងចំណោមប្រជាពលរដ្ឋ«ទីទាល់ក្រ» ចំនួន ៣គ្រួសារនេះ មាន១គ្រួសារ ដែលទីទាល់ក្រជាងគេសូម្បីតែដីសម្រាប់សង់លំនៅឋានក៏គ្មាន។ លោកមេឃុំបន្តថា ដោយសារជីវភាពរស់នៅប្រចាំថ្ងៃមានការលំបាក ធ្វើគ្រួសារមួយនេះ បានសំរេចចិត្តលក់ដីលំនៅឋានចាស់ ហើយទៅសង់ខ្ទមធ្វើស្រែចំការរស់នៅ ដែលមានចំងាយជាង៤គីឡូម៉ែត្រពីភូមិ ប៉ុន្តែមិនគាប់ប្រសើរ បែជាធ្វើឲ្យគ្រួសារគាត់ធ្លាក់ដុនដាបកាន់តែខ្លាំងឡើង សូម្បីតែដី សម្រាប់សង់លំនៅឋានក៏គ្មាន។ លោកមេឃុំ បន្ថែមឲ្យដឹងថា បច្ចុប្បន្នគ្រួសារមួយនេះ កំពុងយកសាលាឆទាន ធ្វើជាជម្រកស្នាក់នៅបណ្តោះអាសន្ន ដើម្បីរកការងារធ្វើ បានប្រាក់ផ្គត់ផ្គង់គ្រួសារផងដែរ។
សូមជំរាបថា គ្រួសារទីទាល់ក្រ ដែលទទួលបានអំណោយជួយឧបត្ថម្ភពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ ណារឿន មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ នាឱកាសនៅមានឈ្មោះ១.ឃុន រិន ជាស្រ្តីម៉ាយ ២.ឈ្មោះ សាន ចេវ អាយុ៤៧ឆ្នាំ ទាំងពីរគ្រួសាររស់នៅភូមិត្រពាំងធំ និងគ្រួសារចុងក្រោយមានឈ្មោះ ម៉ៃ ខឿន ភេទប្រុស អាយុ៤៧ឆ្នាំ ត្រូវជាប្តី ឈ្មោះឃឹម រ៉ុន អាយុ៤១ឆ្នាំ រស់នៅភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ (ជាគ្រួសារក្រីក្រសូម្បីតែដីក៏គ្មានសម្រាប់សង់លំឋាន)៕ សួនលីណា




































