ខេត្តរតនគិរីៈ យុវជនជាជនដៃដល់កាប់ទៅលើយុវជនម្នាក់បណ្ដាលឲ្យបាត់បង់ជីវិត កាលពីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ក្នុងការណាត់គ្នាទៅកន្លែងស្ងាត់ប្រយុទ្ធគ្នានោះ ត្រូវកម្លាំកងរាជអាវុធហត្ថ តាមឃាត់ខ្លួនបាន ត្រៀមបញ្ជូនខ្លួនទៅតុលាការ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នេះហើយ។
ជនសង្ស័យឈ្មោះ ស ម៉ាកូ ភេទប្រុស អាយុ ១៩ឆ្នាំ មានលំនៅភូមិ៧មករា ក្រុងបានលុង ខេត្តរតនគិរី ត្រូវកម្លាំងអាវុធហត្ថមន្ទីរយុត្តិធម៌ សហការណ៍ជាមួយកម្លាំងអាវុធហត្ថក្រុងបានលុង ដឹកនាំបញ្ជាផ្ទាល់ ដោយលោកឧត្ដមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ អាវុធហត្ថខេត្តគិរី ចុះឃាត់ចាប់ខ្លួនបាននៅវេលាម៉ោង១១.៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិលូត ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី ពាក់ព័ន្ធករណីសម្លាប់មនុស្សដោយចេតនា កាលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។
លោកវរសេនីយ៍ទោ គិន វណ្ណា ប្រធានមន្ទីរយុត្តិធម៌ នៃបញ្ជាការរដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី បានឲ្យដឹងថា ឆ្លងតាមការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ជាប្រចាំ ចាប់តាំងពីក្រោយពេលកើតហេតុ និងតាមការឲ្យដឹងពីដៃគូរសពរង្គ្រោះ កម្លាំងជំនាញអាវុធហត្ថ ក៏កំណត់បានអត្តសញ្ញាណជនសង្ស័យ តាមស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនបាន គ្រាដែលជនសង្ស័យទៅពួនសម្ងំលាក់ខ្លួន នៅភូមិ.ឃុំ.ឃាត់ខ្លួនបានខាងលើ បន្ទាប់ពីជនដៃដល់រូបនេះ បានធ្វើសកម្មភាពកាប់ទៅលើសពរង្គ្រោះរួចមក។ លោកបានបញ្ជាក់ទៀតថា បន្ទាប់ពីឃាត់ខ្លួនយកមកសួរនាំ ជនសង្ស័យបានសារភាព ហើយជូនកម្លាំងសមត្ថកិច្ចទៅយកវត្ថុតាងដាវ មាន
ប្រវែង៦៥សង់ទីម៉ែត្រ នៅព្រៃមួយកន្លែង ស្ថិតក្នុងភូមិជ្រីសង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ដែលជនសង្ស័យរូបនេះ បានយកទៅលាក់ទុកនៅទីនោះ បន្ទាបពីខ្លួនគេបានធ្វើសកម្មភាពកាប់រួចមក។ លោកវរសេនីយ៍ទោ បានបញ្ជាក់ទៀតថា ជនសង្ស័យ រួមនិងវត្ថុតាង មន្ទីរយុត្តិធម៌អាវុធហត្ថខេត្ត នឹងបញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលម៉ោង២ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ បន្ទាប់ធ្វើការសាកសួរ និងបំពេញសំណុំរឿងចប់សព្វគ្រប់។
គួររំលឹកថា ជនសង្ស័យឈ្មោះ ស ម៉ាកូ នេះបានធ្វើសកម្មភាពកាប់ទៅលើជនរង្គ្រោះឈ្មោះ អេង រដ្ឋា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិទំពួន ត្រូវចំក បណ្ដាលឲ្យស្លាប់ កាលពីវេលាម៉ោង៧.៤៥នាទី យប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅជ្រុងខាងលិចមាត់បឹងកន្សែង ស្ថិតក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី បន្ទាប់ពីពួកគេ បានណាត់គ្នាទៅប្រយុទ្ធនៅទីនោះ៕




































