មន្ទីរសង្គមកិច្ចខេត្តកំពង់ធំនាំយកអំណោយចែកជូនពលរដ្ឋក្រីក្រនិងពលរដ្ឋរងគ្រោះជាង១០០គ្រួសារ

0

កំពង់ធំ៖  ឯកឧត្តម អភិបាលខេត្តកំពង់ធំ ចុះចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ពលរដ្ឋរងគ្រោះមហន្តរាយពីធម្មជាតិ និងពលរដ្ឋងាយរងគ្រោះជាង១០០គ្រួសារ នៅក្នុងបរិវេណវត្តថ្មី ក្នុងឃុំ ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នារសៀលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៩ ។

ពិធីចែកអំណោយស្ថិតក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ អមដំណើរដោយលោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ និងអ៊ៀប ឈុនស្រៀង ប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ធំ រួមទាំងមន្រ្តីពាក់ព័ន្ឋ នាំយកអំណោយរបស់មន្ទីរសង្គមកិច្ចខេត្តកំពង់ធំ ចែកជូនប្រជាពលរដ្ឋចំនួន១០២គ្រួសារ ដែលមានជីវភាពខ្វះខាត មកពីឃុំត្រពាំងឬស្សីចំនួន៥ភូមិ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គ.ក,ទឹកស៊ីអ៊ីវទឹកត្រី២យួរ,ត្រីខមួយយួរ,មុង១,ភួយ១,កន្ទេល១។ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា បច្ចុប្បន្នយើងមានជម្ងឺគ្រុនឈាម បានផ្ទុះឡើងគ្រប់ដណ្តប់ចំនួន១១ ខេត្ត ក្នុងនោះមានខេត្តកំពង់ធំផងដែរ តែយើងបានទប់ស្កាត់បានទាន់ពេលវេលា ដូច្នេះបងប្អូនត្រូវយល់ ដឹងពីវិធានការការពារខ្លួនយើង កុំឲ្យមូសខ្លាខាំ មូសនេះវាខាំនៅពេលថ្ងៃ ថ្នាក់ដឹកនាំនិងមន្ទីរសុខាភិបាលខេត្ត បានបើកយុទ្ធនាការដើរដាក់ថ្នាំអាបេត ដែលមានសុពលភាពរយះពេល៣ខែ បងប្អូនត្រូវធ្វើអានាម័យជុំវិញផ្ទះ ដែលជាទីកំណើតនៃមូសខ្លា ដែលមានទឹកដកនូវសម្ភារៈផ្សេងៗ ចំនែកគ្រុនឈាមនេះ មិនមែនកើតឡើងចំពោះតែ កូនក្មេងនោះទេ គឺវាបានកើតឡើងចំពោះមនុស្សគ្រប់វ័យ ហើយបើមានការសង្ស័យ ត្រូវទៅពិនិត្យព្យាបាល ជាបន្ទាន់នៅមន្ទីរពេទ្យ ដើម្បីចៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត ។ក្នុងឳកាសនេះផងដែរ ឯកឧត្តម សុខ លូ បានផ្តាំផ្ញើរឲ្យបងប្អូន ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ពាក់មួកសុវត្តិភាព  ដើម្បីការពារអាយុជីវិតរបស់ខ្លួនយើង ដោយឡែកមួយរយះកាលកន្លងមកនេះ អ្នកមិនពាក់មួកសុវត្តិភាពកើនឡើងដល់៨០ភាគរយ បានធ្វើឲ្យអាត្រាការស្លាប់ដោយសារម៉ូតូកើនឡើងក្នុងមួយថ្ងៃ ៦នាក់ និងរបួសជាង៣០នាក់ ថ្នាក់លើបានរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោគ ចាប់ពីថ្ងៃទី១៩ ខែកក្កដា ដល់ថ្ងៃទី១៩ខែសីហា ឆ្នាំ ២០១៩ អ្នកជិះម៉ូតូត្រូវពាក់មួកសុវត្តិភាពទាំងអ្នកឌុបនិងអ្នកជិះ បើបងប្អូនមិនពាក់មួកទេ សមត្ថកិច្ចមិនផាកពិន័យទេ តែចាប់ទុកឲ្យនៅហ្នឹងកន្លែង មិនឲ្យទៅណា រហូតដល់យកមួកមកពាក់ទើបឲ្យទៅ និងសូមឲ្យសមត្ថកិច្ចប៉ូលិសធ្វើឲ្យបានត្រឹមត្រូវ ដោយគ្មានការយល់យោគជាដាច់ខាត តែចាប់ពីថ្ងៃទី១៩ ខែសីហា ទៅទាំងចាប់ទាំងផាកពិន័យ ។ឯកឧត្តម សុខ លូ បានសម្តែងនូវការព្រួយបារម្ភណ៍ ចំពោះការប្រកបមុខរបរទទួលទាន របស់បងប្អូនប្រជាពលរដ្ឋ និងបានគាំទ្រ ណែនាំឲ្យប្រជាពលរដ្ឋ ខិតខំដាំដំណាំបន្លែបង្ការវិលជុំ ជាលក្ខណៈគ្រួសារ ដើម្បីកាត់ បន្ថយការចំណាយ និងត្រូវប្រើប្រាស់ពេលវេលាឲ្យមានប្រយោជន៍ យើងត្រូវជួយខ្លួនឯងសិន មិនត្រូវរំពឹងគេមកជួយគ្រប់ពេលវេលានោះទេ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាព ដើម្បីប្រទេសយើងមានការអភិវឌ្ឍន៍បន្តទៀត ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្តដឹកនាំនាវាសន្តិភាពឆ្ពោះទៅរកភាពរីកចម្រើន។

ដោយ ប៊ុន រដ្ឋា