ក្រចេះ ៖ សម្បទានិកចំនួន១៧៦គ្រួសារ នៅឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ២ប្រភេទ មានដីលំនៅឋាន និងដីកសិកម្ម ស្មើនឹង២៥៨ប័ណ្ណ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបបតីភាព ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងបរិវេណ សហគមន៍ អូរគគីសែនជ័យ ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៍ថា ៖ រដ្ឋបាលខេត្តក្រចេះសម្រេចជ្រើសរើសយកស្រុកគោលដៅចំនួនពីរ គឺស្រុកចិត្របុរី ដែលមានឃុំគោលដៅចំនួន៤ គឺ ឃុំសំបុក ឃុំចង្រ្កង់ ឃុំដារ និងឃុំថ្មី និងស្រុកព្រែកប្រសព្វ មានឃុំគោលដៅចំនួន១ គឺឃុំចំបក់ ដែលនៅក្នុងឆ្នាំ២០១៩នេះ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ បានបន្តសកម្មភាពលើឃុំគោលដៅទាំង៥ ដោយទទួលសម្បទានិកឱ្យចូលទៅរស់នៅអចិន្ត្រៃយ៍ និងប្រកបរបរកសិកម្មចំនួន២.១១៩គ្រួសារ ។
រហូតមកដល់ពេលបច្ចុប្បន្នមានសម្បទានិករស់នៅអចិន្ត្រៃយ៍ និងប្រកប របរកសិកម្មចំនួន៧៥៧គ្រួសារ រស់នៅមិនអចិន្ត្រៃយ៍ចំនួន៩៧២គ្រួសារ និងមិនទាន់ចូលមករស់នៅចំនួន៣៩០គ្រួសារ ហើយថ្ងៃនេះឃុំដារ ដែលរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកលើផ្ទៃដីសម្បទានសង្គមកិច្ចទំហំ ៥៧២,៣៧ហិកតា ដែលបានចុះបញ្ជីជាដីឯកជនរបស់រដ្ឋកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១០ ផ្ទៃដីដែលត្រូវចែកជូនប្រជាពលរដ្ឋមានផ្ទៃដីលំនៅឋានទំហំ ២៩,៦០ហិកតា និងផ្ទៃដីកសិកម្មទំហំ ៣៨៦ហិកតា។
ឯកឧត្តម សរ សុវណ្ណ មានប្រសាសន៍ថា៖ ក្រោយពេលដែលប្រជាពលរដ្ឋបានទទួលដីសង្គមកិច្ចពីរាជរដ្ឋាពិបាល តាមរយៈគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II)នេះ ប្រជាពលរដ្ឋមានដីសម្រាប់សង់ លំនៅឋាន និងដីសម្រាប់បង្កបង្កើនផល ដើម្បីបង្កើនជីវភាពរស់នៅរបស់ខ្លួន និងកែប្រែមុខមាត់ថ្មី ហើយការទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ បងបង្អូននឹងកាន់តែមានសុវត្ថិភាពក្នុងការកាន់កាប់ និងប្រើប្រាស់ដីដែលបានទទួលពីរាជរដ្ឋាភិបាល និងជាមរតកសម្រាប់បន្តដល់កូនចៅ និងជាទុនផ្តល់នូវប្រាក់ចំណូលជីវភាពឱ្យទៀងទាត់ប្រសើរឡើង តាមរយៈការដាំដុះ បង្កបង្កើនផល និងការចិញ្ចឹមសត្វជាដើម ។
ឯកឧត្តម ក៍បានផ្តាំផ្ញើអោយបងប្អូនមេត្តាថែរក្សាទុកឲ្យបានល្អគង់វង្ស កុំលក់ដូរ ឬដាក់បញ្ចាំ ព្រោះវាអាចនឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូននៅពេលក្រោយ ព្រោះការទទួលបានប័ណ្ណកម្មសិទ្ធិនៅពេលនេះ ឈ្មោះរបស់បងប្អូនបានបញ្ចូលទៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់ក្រសួងមន្ទីររួចហើយ មិនអាចទទួលបានការផ្តល់ដីជាលើកទី២ឡើយ ។ ដោយ ម៉េងគាង






































