ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោងបើកវេទិកាសាធារណៈដោះស្រាយបញ្ហាប្រឈម

0

កំពង់ធំ៖ វេទិការសាធារណៈ ដើម្បីស្ទាបស្ទង់មតិ រកចំនុចខ្លាំងនិងចំនុចខ្សោយ រួមទាំងបញ្ហាប្រឈមនានា ដើម្បីដោះស្រាយនូវសំណូមពររបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ត្រូវបានចាត់ធ្វើឡើង នៅក្នុងបរិវេណវត្តបន្ទាយស្ទោង ដែលមានតំណាងប្រជាពលរដ្ឋចំនួន៣ភូមិចូលរួមផ្តល់មតិយោបល់ ស្ថិតនៅក្នុង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០១៩។

ពិធីប្រជុំបើកវេទិការសាធារណៈ ជូនដល់តំណាងប្រជាពលរដ្ឋ៣ភូមិផ្តល់មតិយោបល់ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមការងារ​ថ្នាក់ជាតិ ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ដែលមានការអញ្ជើញចូលរួម ពីសំណាក់អាជ្ញាធរដែនដី និង ក្រុមការងារ  រួមទាំងមន្ទីរស្ថាប័នពាក់ព័ន្ធ ដែលមានតំណាងប្រជាពលរដ្ឋ៣ភូមិចូលរួម៥៥នាក់ ក្នុងនោះមានភូមិ ភូមិបេង ភូមិបន្ទាយស្ទោង និងភូមិស្រោមដែក ។ឯកឧត្តម ឧត្តមសេនីយ៍ទោសោម ស៊ុន បានមានប្រសាសន៍ ពីគោលបំណងនៃការ បើកវេទិកាសាធារណៈ គឺដើម្បីត្រួតពិនិត្យ និងគាំទ្រកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងដោះស្រាយការលំបាករបស់ប្រជាជន បម្រើសេចក្ដីត្រូវការរបស់ប្រជាជន និងបានផ្ដោតសំខាន់ទៅលើបញ្ហាប្រឈម ដែលកំពុងជួបប្រទះក្នុងភូមិ ដូចជា ការប្រើប្រាស់ប្រព័ន្ធប្រឡាយទឹក ដើម្បីយកទឹកមកធ្វើស្រែមិនបានគ្រប់គ្រាន់ និងមិនស្មើភាពគ្នារវាងភូមិនិងភូមិ បញ្ហាខូចខាតយ៉ាងខ្លាំងផ្លូវកៅស៊ូមួយខ្សែនិងផ្លូវលំ៣ខ្សែប្រវែង៣,៥០០ម៉ែត្រ  ដែលមានផលលំបាកដល់ប្រជាជន  ក្នុងការធ្វើដំណើរទាំងរដូវប្រាំងនិងរដូវវស្សា ចំនុចសំខាន់គឺ បញ្ហាសុខភាពកុមារនៅក្នុងសាលារៀន ដែលប្រឈមមុខនឹងការទិញម្ហូបចំណីគ្មានអនាម័យបរិភោគ បណ្ដាលឱ្យមានជម្ងឺផ្សេងៗ ។លោក យូ ឡា ប្រធានមន្ទីរធនធានទឹក ខេត្តកំពង់ធំ លោក ផ្លង់ សាឡន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងលោកសេង សាវុធ   អនុប្រធានការិយាល័យអប់រំស្រុកស្ទោង បានស្រាយបំភ្លឺក្នុងអង្គវេទិការ និងបានប្ដេជ្ញាចិត្ត ដោះស្រាយសំណូមពរ តាមសមត្ថកិច្ចរបស់ស្ថាប័ននីមួយៗ ដើម្បីបម្រើសេចក្ដីត្រូវការ របស់ប្រជាជនយើងនៅមូលដ្ឋាន ។ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះការ ប្ដេជ្ញាចិត្តរបស់ស្ថាប័នពាក់ព័ន្ធ ក្នុងការជួយសម្រួលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលកន្លងមកធ្លាប់ជួបការលំបាកនិងព្រួយកង្វល់ បន្ទាប់ពីត្រូវបាន ដោះស្រាយប្រកបដោយភាពជោគជ័យ នៃបរិយាកាសសប្បាយរីករាយ ក្នុងភាពស្និទ្ធស្នាល ជាគ្រួសារតែមួយដើម្បីសង្គមជាតិយើងរីកចម្រើន  ។ ដោយ ប៊ុន រដ្ឋា