តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ទទួលបាននាយទាហាន និងពលទាហានជាង ៦០នាក់ ដែលបានបញ្ចប់វគ្គហ្វឹកហ្វឺន ក្នុងរយះពេលជាង៤០ថ្ងៃកន្លងទៅ !!

0

ខេត្តស្ទឹងត្រែង   ៖នាយទាហាន និងពលទាហានជាង៦០នាក់ ក្នុងកងឯកភាពវរៈសេនាតូចលេខ២ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង បានបញ្ចប់វគ្គហ្វឹកហ្វឺនក្នុងការពង្រឹងសមត្ថភាព ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពជួរព្រំដែន ។

កាលពីសប្តាហ៍កន្លងទៅ អង្គភាពវរៈសេនាតូចលេខ២ ដែលមានមូលដ្ឋាននៅទិសសមរភូមិមុខជាប់ព្រំដែនកម្ពុជា-ឡាវ បានបិទវគ្គហ្វឹកហ្វឺន ក្នុងការបំប៉នសមត្ថភាពយោធិនជាង៦០នាក់ ក្រោមវត្តមាន លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ដារ៉ាសិទ្ធិ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង ក្រោមការចូលរួម ពីសំណាក់មន្ត្រីយោធាខេត្តស្ទឹងត្រែង នៃយោធភូមិភាគទី១ សំខាន់ៗជាច្រើនរូបទៀតផងដែរ ។

សូមបញ្ជាក់ថា:វគ្គបំប៉ននេះមានរយះពេល៤៥ថ្ងៃ ចាប់ពីថ្ងៃទី៨មិថុនា រហូតដល់ថ្ងៃទី២២កក្កដា ដោយសិក្សាលើខ្លឹមសារ អប់រំចិត្តសាស្ត្រ យុទ្ធវិធីថ្មើជើង បច្ចេកទេសថ្មើជើង ជំនាញព្រំដែន លំហាត់របៀប ពេទ្យ គ្រឿងញៀន យុទ្ធដំណើរទ័ព រយៈចម្ងាយ ២០គីឡូម៉ែត្រ កាយវិការហាត់ប្រាណ ២៤កាយវិការ និង១៦កាយវិការ ។ ហើយក្រោយពីបញ្ចប់វគ្គហ្វឹកហ្វឺននេះដែរ អង្គភាពទទួលបានសិក្ខាកាម ដែលជាប់និទ្ទេសល្អចំនួន៥០នាក់ ស្មើនឹង៨៣% និទ្ទេសបង្គួរចំនួន៧នាក់ ស្មើនឹង១២% និងនិទ្ទេសខ្សោយចំនួន៣នាក់ ស្មើនឹង៥% ។

ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី វ៉ាន់ ដារ៉ាសិទ្ធិ បានថ្លែងថា:នេះគឺជាមោទនភាពមួយ ដែលបានជម្រុញឲ្យយោធិននៅគ្រប់កងឯកភាពទាំងអស់ ទាំងនៅសមរភូមិមុខ និងនៅសមរភូមិក្រោយ កាន់តែខិតខំប្រឹងប្រែងអនុវត្តបន្ត បង្កើនស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ពុះពារម្ចាស់ការ ច្នៃប្រឌិតរស់រវើក ហើយត្រូវពង្រឹងការចងសម្ព័ន្ធភាព ជាមួយស្ថាប័នស៊ីវិលនានាបន្ថែមទៀត ឲ្យបានល្អប្រសើរ ។

លោកក៏បានកោតសរសើរ ដល់យោធិនទាំងអស់ ដែលគោរពវិន័យបានល្អ ក្នុងពេលហ្វឹកហ្វឺន ដោយសិក្ខាកាមមួយភាគធំបានក្លាយខ្លួនជាយោធិនគំរូ ។លោកឧត្តមសេនីយ៍មេបញ្ជាការរង ក៏បានជម្រុញ ដល់គ្រប់កងឯកភាពចំណុះ អង្គភាពតំបន់ប្រតិបត្តិការសឹករង ត្រូវបន្តខិតខំពង្រឹងកិច្ចទំនាក់ទំនង ជាមួយប្រទេសជាប់ព្រំដែន ហើយសហការគ្នាឲ្យបានស្អិតរមួត ជាពិសេស!កងទ័ពដែលមានទីតាំងឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវរួម
គ្នាទប់ស្កាត់បទល្មើសឆ្លងដែន ការជួញដូរគ្រឿងញៀន ការជួយដូរមនុស្ស ការរត់ពន្ធអាវុធ និងទំនិញខុសច្បាប់ជាដើម គឺត្រូវរួមគ្នាដោះស្រាយរាល់បាតុភាព ដែលកើតមានឡើងដោយសន្តិវិធី ដូចនៅពេលមានទឹកជំនន់កើតឡើង កម្លាំងកងទ័ពទាំងអស់ ត្រូវចូលរួមបំពេញកាតព្វកិច្ចនេះឲ្យបានល្អ ក្នុងការចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ដើម្បីគេចចេញពីគ្រោះទឹកជំនន់ ឲ្យបាន ។

ក្រៅពីនេះនាយទាហាន និងពលទាហានទាំងអស់ ក៏ត្រូវគោរព និងអនុវត្តឲ្យបានម៉ឹងម៉ាត់ ទៅតាមបទបញ្ជា និងគោលនយោបាយរបស់ កងយោធពលខេមរភូមិន្ទ ជាពិសេស! អនុវត្តឲ្យបានត្រឹមត្រូវ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការរួមចំណែក ធ្វើឲ្យភូមិ.ឃុំមានសុវត្ថិភាព ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ៕