កំពង់ធំ៖ យ្យការអមសាលាដំបូងខេត្តកំពង់ធំ បើកកិច្ចប្រជុំមន្រ្តីនគរបាលយុត្តធម៌ ស្តីពីការពង្រឹងសមត្ថភាព ក្នុងការអនុវត្តដីការ រួមទាំងដោះស្រាយបញ្ហាប្រឈមនានា ដែលពិធីនេះ ស្ថិតក្រោមអធិបតីភាព លោក លាង សួគ៌ ប្រធានសាលាដំបូងខេត្តកំពង់ធំ និងលោក អ៊ិត សុធា ព្រះរាជាអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងមានអនុប្រធានតុលាការ ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងសមត្ថកិច្ចកងរាជអាវុធហត្ថ និងសមត្ថកិច្ចប៉ូលិស ដែលជាមន្រ្តីនគរបាលយុត្តធម៌ ចូលរួមជាង១០០នាក់ នៅរសៀលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៩។
លោក លាង សួគ៌ ប្រធានសាលាដំបូងខេត្តកំពង់ធំ និងលោក អ៊ិត សុធា ព្រះរាជាអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានសម្តែងនូវកិច្ចស្វាគមន៍ ចំពោះវត្តមានមន្រ្តីនគរបាល យុត្តិធម៌ ដែលបានខិតខំប្រឹងប្រែងអស់ពីកំលាំងចិត្តកំលាំងកាយ បំរើផលប្រយោជន៍ រកភាពយុត្តិធម៌ជូនប្រជាជន និងការពារទប់ស្កាត់នូវបទល្មើសផ្សេងៗនៅក្នុងខេត្តកំពង់ធំ ដែលមានសហការគ្នារវាងកងកម្លាំង និងកងកម្លាំងក្នុងការអនុវត្តច្បាប់ ឲ្យទទួលបាននូវភាពជោគជ័យ ដោយឡែកនេះកិច្ចប្រជុំមួយដែលបានបើកចំហរ ដោយលើកបញ្ហាដាក់លើតុ ដើម្បីរួមគ្នាគិតរួមគ្នាធ្វើ រកចំនុចខ្លាំងនិងចំនុចខ្សោយ ដើម្បីពង្រឹងនូវសមត្ថភាពអនុវត្តច្បាប់។
បន្ទាប់ពីសមត្ថកិច្ច ប៉ូលិស កងរាជអាវុធហត្ថ ដែលជាមន្រ្តីនគរបាលយុត្តិធម៌ បានលើកយកបញ្ហាប្រឈមនានា ដែលជាបទពិសោធន៍ក្នុងការអនុវត្តដីការកន្លងមក រួមទាំងចំនុចល្អៗដែលឈានដល់ភាពជោគជ័យ និងការសំណូមពរ នៅតាមបណ្ហាស្រុកក្រុងរួចមក លោក អ៊ិត សុធា ព្រះរាជាអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានមានប្រសាសន៍ណែនាំ នូវចំនុចល្អៗនូវគន្លិះសំខាន់ៗ ដែលជាកក្តាងាយស្រួលសម្រាប់មន្រ្តីនគរបាលយុត្តិធម៌យកទៅអនុវត្តបន្តនៅតាមមូលដ្ឋាន។
លោក អ៊ិត សុធា បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ ស៊ីជម្រៅនៃប្រព័ន្ឋយុត្តិធម៌ និងមានការចង្អុលបង្ហាញណែនាំពី ឯកឧត្តម អង្គវង្ស វឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឲ្យអនុវត្តរឿងក្តីនីមួយៗ ត្រូវតែមាន ភាពយុត្តិធម៌និងឆាប់រហ័ស បើយុត្តិធម៌យឺតយ៉ាវ គឺស្មើរនឹងអយុត្តិធម៌ ចំនុចនេះគឺទាមទារឲ្យមានការចូលរួម ពីស្ថាប័នផ្សេងៗ ពិសេសគឺមន្រ្តីនគរបាលយុត្តិធម៌ដែលជាការចាំបាច់បំផុតក្នុងដំណើរការរឿងក្តី ។


លោក អ៊ិត សុធា ព្រះរាជាអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានកោតសរសើរនិងវាយតំលៃខ្ពស់ ចំពោះអង្គភាព ស្ថាប័ន ដែលជាមន្រ្តីនគរបាលយុត្តិធម៌ បានចូលរួមពិភាក្សាវែកញ៉ែក និងការចែករំលែកនូវចំណេះដឹងដែលមានសារៈសំខាន់ក្នុងការអនុវត្តដីការ ប្រកបដោយគុណភាព និងបានផ្តាំផ្ញើរឲ្យខិតខំអនុវត្តដីការ និងសេចក្តីសម្រេច របស់តុលាការ និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដែលនៅសេសសល់ ដើម្បីរកយុត្តិធម៌ ឲ្យបានឆាប់រហ័ស ជូនជនរងគ្រោះ។ដោយ ប៊ុន រដ្ឋា





































