កម្លាំងចម្រុះខេត្តព្រះវិហារ ចុះឆែកឆេរលំនៅដ្ឋានប្រជាពលរដ្ឋពីរគ្រួសារ នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ដកហូតឈើប្រភេទ គគី កកោះ សុក្រំ ជាច្រើនសន្លឹក!

0

ព្រះវិហារៈ ក្រុមគណៈកម្មាការចម្រុះបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ខេត្ត រួមមានកម្លាំងអាវុធហត្ថក្រុង មន្ត្រីរដ្ឋបាលព្រៃឈើខណ្ឌ ផ្នែកសង្កាត់ និងអាជ្ញាធរមូលដ្ឋាន បានចុះឆែកឆេរលំនៅដ្ឋានប្រជាពលរដ្ឋ ចំនួនពីរគ្រួសារ តាមដី ការបង្គាប់ឲ្យឆែកឆេរលេខ៨៣៨ អ.ក លេខ៨៣៩ អ.ក ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ របស់លោក ទី សុវិនថាល់ ព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះវិហារ។

ប្រតិបត្តិការចុះឆែកឆេរលំនៅដ្ឋានប្រជាពលរដ្ឋនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ជាលទ្ធផលកម្លាំងចម្រុះខេត្ត បានរកឃើញឈើប្រភេទ គគី កកោះ និងឈើសុក្រំ ជាច្រើនសន្លឹក ក្នុងនោះមានមុខកាត់ចាប់ពី៤តឹក រហូតដល់ ៧តឹក មានកម្រាស់១តឹក ប្រវែង២ម៉ែត្រ ទៅ២ម៉ែត្រកន្លះ។ ដែលអ្នកទាំងពីរបានសន្និធិផលអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា គ្រួសារដែលកម្លាំងចម្រុះខេត្ត ចុះធ្វើការឆែកឆេរលំនៅដ្ឋាន តាមដីការបង្គាប់ឲ្យឆែកឆេរ របស់លោក ទី សុវិនថាល់ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រះវិហារនោះ ទី១.ឈ្មោះ ឆយ រស្មី និងទី២.ឈ្មោះ វិន សុខនី នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ប្រភពបានបន្តថា ចំពោះវត្ថុតាងទាំងអស់ ដែលសមត្ថកិច្ចឆែកឆេរ ហើយរកឃើញនោះ ក៏ត្រូវបានធ្វើការរឹបអូសយកមករក្សាទុក ដើម្បីរងចាំធ្វើការវាស់វែង និងចងក្រងសំណុំរឿងតាមនិតិវិធីច្បាប់ ៕សួនលីណា