ស្គាល់មុខតែមិនស្គាល់ចិត្ត! ស្រីស្អាតម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីលួចលុយ

0

ភ្នំពេញ៖កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពេលរូបគេបានលួចយកលុយរបស់ជនរង់គ្រោះកាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៩នៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ឃាត់ខ្លួននៅថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៩ វេលាម៉ោង ២១ និង៣០នាទី យប់ ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យម្នាក់មាន ឈ្មោះ ម៉ឺន ស្រីណែត ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (គ្មានសារធាតុញៀន) ។

រីឯជនរងគ្រោះមាន ឈ្មោះ កន ឆង់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធានាគារឯកជន ស្នាក់នៅបន្ទប់ជួល  ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សម្ភារៈបាត់បង់ មាន លុយដុល្លាចំនួន៤០០ដុល្លា ។

ប្រភពដដែលបានបន្ដថា មុនពេលកើតហេតុថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៩ ជនរងគ្រោះកំពុងដេកក្នុងបន្ទប់របស់ខ្លួន ស្រាប់តែក្មួយប្រុសរបស់ជនរងគ្រោះឈ្មោះ គឹម មិថុនា និងជនសង្ស័យឈ្មោះ ម៉ឺន ស្រីណែត មកសុំស្នាក់នៅជាមួយ ។

នៅថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៩ វេលាថ្ងៃត្រង់ ជនរងគ្រោះត្រឡប់មកពីធ្វើការវិញ បានឲ្យជនសង្ស័យយកលុយ១០.០០០រៀលពីក្នុងការបូបទៅទិញម្ហូប  ដោយជនរងគ្រោះកំពុងដេកលក់  ហើយជនសង្ស័យបានលួចយកលុយចំនួន៤០០ដុល្លា និងបានគេចខ្លួនបាត់ រហូតដល់ថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៩ វេលាម៉ោង២០ និង០០នាទី ជនរងគ្រោះបានឃើញជនសង្ស័យ កំពុងអង្គុយក្នុងម៉ូតូកង់បី ក្បែកសួនកុមារពោចិនតុង សង្កាត់កាកាប៣ ខណ្ឌពោធិ៍សែនជ័យ  ក៍បានធ្វើការឃាត់នាំខ្លួនជនសង្ស័យ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕