អភិបាលខេត្តកំពង់ចាម​ ជំរុញ​ដល់​អាជ្ញាធរ​ ឲ្យបន្តការ​ចូលរួម​ជាមួយ​សកម្មភាព​យុវជន​

0

កំពង់ចាម​:​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ បាន​ថ្លែង​ថា​ ភាព​សុខដុមរមនា​របស់​យេីង​ ក៏​ជា​ភាព​សុខដុមរមនា​របស់​សង្គមជាតិ​យេីង​ទាំង​មូល​ផង​ដែរ​ ការ​ជួបជុំ​របស់​ប្អូន​ៗ​ក្មួយៗ​ដើម្បី​បញ្ចេញ​សមត្ថភាព​ក្នុង​ពេល​នេះ​ គឺ​ដោយ​សារប្រទេស​ជាតិ​យើង​មាន​សុខសន្តិភាព​ មិន​ដូច​យុវជន​សម័យ​មុន​ៗ​ទេ​ ដែល​សឹង​តែ​គ្មាន​ឱកាស​សិក្សា​រៀនសូត្រទៀតផង ព្រោះស្រុក​ទេស​យេីងនៅ​ពេល​នោះ​មាន​សង្គ្រាម​ មិន​ដូច​នៅពេល​នេះ​ទេដែល​ប្រទេស​ជាតិ​យើង​មាន​ទាំង​សុខសន្តិភាព​ និងការ​រីកចម្រើន​ ​ដូច្នេះ​ប្អូន​ៗ​ក្មួយ​ៗ​ទាំង​ឡាយ​ត្រូវ​ខិតខំ​សិក្សា​រៀនសូត្រ​ ព្រោះមាន​តែ​ចំណេះដឹង​ពិត​ប្រាកដ​ទេ​ ដែល​អាចនាំឲ្យ​យេីង​មាន​ភាព​ជោគជ័យ​ទៅ​ថ្ងៃ​អនាគត​ ក្នុង​ការ​កសាង​ភាព​រីកចម្រេីន​ដល់​សង្គម​គ្រួសារ​ ក៏​ដូច​ជា​ប្រទេស​ជាតិ​យើង​ទាំង​មូល​ផង​ដែរ​ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ពិធី​សាលា​រៀន​ខ្ញុំ​ អនាគត​ខ្លះ​ ដែល​រៀបចំ​ឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ និង​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​កំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី​៤​ ខែសីហា​ ឆ្នាំ​២០១៩​ នៅ​សាលា​ស្រុក​ជេីងព្រៃ​​ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ធ្វើ​ការ​​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​មូលដ្ឋាន​ ​ត្រូវ​បន្ត​ការចូលរួម​សកម្មភាព​យុវជន​​ ឲ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​ថែមទៀត​ ដោយឡែក​យុវជន​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​ ត្រូវ​ខិតខំ​សិក្សា​រៀនសូត្រ​ កុំ​ជឿ​តាម​ការ​អូសទាញ​របស់​មិត្តភ័ក្ដិ​អាក្រក់​ អាក្រក់​ ដែលនាំ​ឲ្យ​ធ្លាក់​ខ្លួន​ក្នុង​ការ​ញៀន​គ្រឿង​ញៀន​ ដែលធ្វើឲ្យបាត់បង់សេដ្ឋកិច្ចគ្រួសារ​ បាត់បង់​កិត្តិយស​ ស្មារតី​សុខភាព​ ដូច្នេះ​ប្អូនៗ​ក្មួយៗ​កុំយកខ្លួនបៀតជាមួយសារធាតុញៀន​ ជាមួយ​គ្នា​នោះ​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ ផ្លូវគោក បើជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព បើជិះរថយន្តត្រូវពាក់ខ្សែក្រវ៉ាត់គ្រប់ពេលធ្វើដំណើរផងដែរ​ ។
ឯកឧត្តម​អភិបាលខេត្ត​ បាន​បញ្ជាក់​ថា​ ការ​ជួបជុំ​របស់​ប្អូន​ៗ​ក្មួយៗ​ដើម្បី​បញ្ចេញ​សមត្ថភាព​ក្នុង​ពេល​នេះ​ គឺ​ដោយ​សារប្រទេស​ជាតិ​យើង​មាន​សុខសន្តិភាព​ ដែល​ផ្តល់​ឱកាស​​ឲ្យ​​ប្អូនៗ​បាន​សិក្សា​ក្រេបជញ្ជក់​យក​ចំណេះដឹង​ ដេីម្បី​កសាង​អនាគត​របស់​ខ្លួន​ ដូច្នេះ​យើង​ត្រូវ​រួម​គ្នា​ថែរក្សា​នូវ​សុខសន្តិភាព​នេះ​ឲ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស​ ដេីម្បី​បន្ត​ការ​អភិវឌ្ឍន៍​រីកចម្រើន​តទៅ​មុខ​ទៀត​ ដោយ​មិន​ជឿ​តាម​ការ​អូសទាញ​ណា​មួយ​ ដែល​នាំឲ្យ​ប្រទេស​ជាតិ​យើង​ធ្លាក់​ក្នុង​ភាព​វឹកវរ​ឡេីយ​ ។

សូម​បញ្ជាក់​ថា​ ក្រោយ​ពី​ប្រារព្ធ​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ មន្ត្រី​រាជការ​ លោកគ្រូ​អ្នក​គ្រូ​ ប្អូនៗ​សិស្សានុសិស្ស​ ហើយ​នោះ​ក៏​មាន​ពិធី​ពិសារ​សាច់​ជ្រូក​សុវត្ថិភាព​ជួប​ជុំ​គ្នា​ផង​ដែរ​ ៕