កិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆមាសទី១ឆ្នាំ២០១៩ លើកទិសដៅសម្រាប់អនុវត្តបន្ត

0

កំពង់ធំ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជា​ការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំការប្រជុំ បូកសរុបលទ្ធផលការងារយោធាសន្តិសុខឆមាសទី១ឆ្នាំ២០១៩ និងដាក់ចេញទិសដៅសម្រាប់អនុវត្តបន្តឆមាសទី២ និងវាយតម្លៃចំណុចខ្លាំង ចំណុចខ្វះខាត ដែលអង្គភាពបានជួបប្រទះកន្លងមក កិច្ចប្រជុំនេះចូលរួមពីថ្នាក់ដឹកនាំ នៃបញ្ជាការ មេបញ្ជាការង គ្រប់កង ឯកភាពនិងស្ថាប័នចំណុះចំនូន១៣៥ នាក់  បានធ្វើឡើង នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩។

 

លោកឧត្តមសេនីយ៍ត្រី ញូង ធី មេបញ្ជាការរង និងជានាយសេនាធិការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន មានប្រសាសន៍ មានមោទនភាព ដោយបានទទួលការចង្អុលបង្ហាញណែនាំ ពីឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៤ និងឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ  ដែលបានធ្វើឲ្យអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំមានការប្រែប្រួលរីកចម្រើន ។

 

ក្នុងកិច្ចប្រជុំ សមាជិកបាន ធ្វើបទអន្តរាគមន៍របស់អង្គភាពពីរគឺ វរសេនាតូចលេខ១ និងផ្នែកសឹករងប្រាសាទសំបូរ ក្នុងខ្លឹមសារ  ការគ្រប់គ្រងកម្លាំង អាវុធគ្រាប់ ការងារហ្វឹកហ្វឺន ការងារទំនាក់ទំនងសប្បុរសជន ដើម្បីរកថវិកា សម្ភារៈកែលំសោភ័ណ្ឌភាពទីតាំង កិច្ចសហប្រតិបត្តិការជាមួយបរទេសជាមិត្ត ក្នុងនោះបានរំលេចឡើងនូវបទពិសោធន៍ល្អៗមួយចំនួន ដែលជាគន្លឹះសម្រាប់យកទៅអនុវត្តឲ្យទទួលបានជោគជ័យ ។

 

ក្នុងអង្គប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានធ្វើការបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ថ្នាក់មហាសេនា ១គ្រឿង ជូននាយទាហានដែលមានស្នាដៃ និងគុណបំណាច់ចំពោះជាតិ បំពាក់ឋានន្តរស័ក្កិថ្នាក់អនុសេនីយ៍ត្រី ជូនយោធិនចំនួន ២៦រូប និងបានប្រគល់លិខិតថ្លែងអំណរគុណជូនអង្គភាពចំនួន១ បុគ្គលចំនួន ១១រូប ដែលបានលះបង់ថវិការួមចំណែកក្នុងការទិញសម្ភារៈប្រើប្រាស់សម្រាប់ជាប្រយោជន៍របស់អង្គភាព ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរនិងវាយតម្លៃខ្ពស់ ដល់នាយទាហាន នាយទាហានរង គ្រប់ឋានា​នុក្រម ដែលបានរួមចំណែកសម្រេចនូវភារកិច្ចជាច្រើនជូនអង្គភាព និងបានប្រសាសន៍ផ្ដាំផ្ញើរដល់យោធិនដែលទទួលបានឋានន្តរសក្កិថ្មី ត្រូវបានថ្នាក់លើមានទំនុកចិត្តផ្ដល់ជូន និងអរគុណដល់សប្បុរសជន ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ចូលរួមទិញសម្ភារៈប្រើប្រាស់សម្រាប់អង្គភាព រួមទាំងបានសំណូមពរដល់ថ្នាក់ដឹកនាំគ្រប់អង្គភាព ត្រូវបន្តកែលម្អចំណុចអសកម្ម ដែលនៅមានសេសសល់ដើម្បីឲ្យអង្គភាពមានការរីកចម្រើន បន្តទទួលបានភាពកក់ក្ដៅពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ក្នុងនោះ ឯកឧត្តមក៏បានប្រគល់ជូននូវភារកិច្ចសំខាន់ៗ មួយចំនួនបន្ថែមដើម្បីមេបញ្ជាការគ្រប់លំដាប់ថ្នាក់ គ្រប់អង្គភាព យកទៅអនុវត្ត ឲ្យទទួលបានជោគជ័យក្នុងឆមាសទី២ ឆ្នាំ២០១៩នេះ ។

ដោយ ប៊ុន រដ្ឋា