កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងថា ខ្ញុំមិនចង់ឃើញមុខប្អូនៗ រៀនត្រឹមថ្នាក់ទី១២ដដែលៗនៅឆ្នាំក្រោយទៀតទេ សូមឲ្យប្អូនៗក្មួយៗ ត្រូវខិតខំសិក្សាក្រេបជញ្ជក់យកចំណេះដឹង ដេីម្បីប្រឡងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ បានជោគជ័យ និងដើម្បីឈានទៅបន្តការសិក្សានៅមហាវិទ្យាល័យ រហូតអាចកសាងអនាគតខ្លួនឯង ជាមួយការកសាងសង្គមជាតិយើងឲ្យមានការរីកចម្រើនផងដែរ ។
ការថ្លែងយ៉ាងដូច្នេះក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូបំប៉នស្ម័គ្រចិត្ត និងសិស្សថ្នាក់ទី១២ ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងលោកគ្រូអ្នកគ្រូ ប្អូនៗសិស្សានុសិស្សប្រមាណជាង៣០០នាក់ ។
ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលេីកឡើងថា នៅមិនយូរទៀតទេ គឺសម័យប្រឡងសញ្ញាបត្រ មធម្យសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨-២០១៩ កាន់តែខិតជិតមកដល់ហេីយ ដូច្នេះប្អូនៗដែលជាសិស្សថ្នាក់ទី១២ ត្រូវត្រៀមខ្លួនប្រឡងឲ្យជាប់បាននិទ្ទេសល្អគ្រប់ៗគ្នា ខ្ញុំមិនចង់ឃើញមុខប្អូនៗ រៀនត្រឹមថ្នាក់ទី១២ដដែលៗនៅឆ្នាំក្រោយទៀតទេ ដូច្នោះសូមឲ្យប្អូនៗក្មួយៗ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្រេបជញ្ជក់យកចំណេះដឹង ដេីម្បីប្រឡងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ និងដើម្បីឈានទៅបន្តការសិក្សានៅមហាវិទ្យាល័យ រហូតអាចកសាងអនាគតខ្លួនឯង ជាមួយការកសាងសង្គមជាតិយើងឲ្យមានការរីកចម្រើនផងដែរ ។ 
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា នៅតែបន្តនិរន្តរ៍ភាព ពីអតីតអភិបាលខេត្តកំពង់ចាម នឹងផ្តល់រង្វាន់លើកទឹកចិត្ត សម្រាប់សិស្សជាប់និទ្ទេស A ដដែល ដោយឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសជាតិយើងមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះប្អូនៗក្មួយៗដែលបានរៀនសូត្រទាំងអស់គ្នា ត្រូវខិតខំកសាងធនធានមនុស្ស ដេីម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិយើង ឲ្យកាន់តែមានការរីកចម្រើនទ្វេឡេីង ព្រោះបច្ចុប្បន្នគេត្រូវការគុណភាព ក្រោមពាក្យស្លោកថា អ្នកចេះគឺជាប់ ដោយមិនមានការសូកប៉ាន់អ្វីទាំងអស់ ពោលគឺត្រូវពឹងពាក់លើសមត្ថភាពខ្លួនឯងតែប៉ុណ្ណោះ ។
លោកលី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាម បានធ្វើសេចក្ដីរាយការណ៍អំពីស្ថានភាព ការបំប៉នសិស្សថ្នាក់ទី១២ និងមណ្ឌលប្រឡង នៅខេត្តកំពង់ចាមរួមមាន ៖ លោកគ្រូ អ្នកគ្រូដែលស្ម័គ្រចិត្តជួយបំប៉នក្មួយៗសិស្សានុសិស្សក្នុងខេត្តកំពង់ចាម សរុបចំនួន២១៩នាក់ សិស្ស សរុបចំនួន៣.០៤៣នាក់ ។
ដោយការបំប៉ននេះបានចាប់ផ្តើមពីខែឧសភា ឆ្នាំ២០១៩ រហូតមកដល់ពេលបច្ចុប្បន្ន ជារៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ ។
ក្នុងនោះ នៅស្រុកស្រីសន្ធរ មានសិស្សចំនួន៥៦៨នាក់ គ្រូចំនួន៣៨នាក់ ស្រុកព្រៃឈរ មានសិស្សចំនួន៨៨៧នាក់ គ្រូចំនួន២៦នាក់ ស្រុកស្ទឹងត្រង់ មានសិស្សចំនួន២៩៣នាក់ គ្រូចំនួន២៤នាក់ ស្រុកកំពង់សៀម មានសិស្សចំនួន៤៨៩នាក់ គ្រូចំនួន២៥នាក់ ក្រុងកំពង់ចាម មានសិស្សចំនួន៩៤០នាក់ គ្រូចំនួន១៧នាក់ ស្រុកបាធាយ មានសិស្សចំនួន៧៨៧នាក់ គ្រូចំនួន២១នាក់ ស្រុកចំការលើ មានសិស្សចំនួន៥៣២នាក់ គ្រូចំនួន១៤នាក់ ស្រុកកងមាស មានសិស្សចំនួន៥៧១នាក់ គ្រូចំនួន១៤នាក់ ស្រុកកោះសូទិន មានសិស្សចំនួន៤១១នាក់ គ្រូចំនួន១៩នាក់ និងស្រុកជើងព្រៃ មានសិស្សចំនួន៥៧៥នាក់ គ្រូចំនួន២១នាក់ ។ 
ដោយឡែកស្ថានភាពមណ្ឌលប្រឡងនៅខេត្តកំពង់ចាម មានមណ្ឌលប្រឡងសរុបចំនួន១៤ ក្នុងនោះនៅក្រុងកំពង់ចាម មានចំនួន១០មណ្ឌល ស្រុកកំពង់សៀម មានចំនួន០២មណ្ឌល និងស្រុកជើងព្រៃ មានចំនួន០២មណ្ឌល ។ ដែលមានបេក្ខជនសរុបចំនួន៦.០៤៦នាក់ ។ ក្នុងនោះមានផ្នែកវិទ្យាសាស្រ០៥មណ្ឌល ស្មើនឹង១២៧បន្ទប់ បេក្ខជនសរុប ៣.១៣៨នាក់ ស្រី១.៨៥៩នាក់ ។
ផ្នែកវិទ្យាសាស្រ្តសង្គម មាន០៩មណ្ឌល ស្មើនឹង២០៤បន្ទប់, បេក្ខជនសរុប៥.០៥៤នាក់ ស្រី២.៦២៥នាក់ ៕




































