ភ្នំពេញ៖ នៅល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ អាជ្ញាធរខណ្ឌទួលគោក ដោយមានបញ្ជាផ្ទាល់ដោយលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ដឹកនាំដោយនាយករដ្ឋបាលខណ្ឌរួមជាមួយកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលបឹងសាឡាង បានចុះបង្ក្រាបទីតាំងអ៊ិនធឺណេត បង្កប់ល្បែងសុីសងភ្នាល់បាល់តាមកាសុីណូ គ្មានយីហោ ស្ដិតនៅតាមបណ្ដោយផ្លូវម៉ៅសេងទុង ទល់មុខផ្សារដើមគ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្នុងរង្វង់ប្រត្ដិបត្ដិការចុះបង្កប់ទីតាំងខាងលើនេះ អាជ្ញាធរបានធ្វើការដកហូតកុំព្យូទ័រជាង២០គ្រឿង និងឃាត់ខ្លួនបុគ្គលិក៤នាក់យកទៅសួរនាំបន្ថែមនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងសាឡាង ។
ជាមួយគ្នានោះ អាជ្ញាធរខណ្ឌទួលគោក បានឲ្យដឹងថា ទីតាំងអ៊ិនធើណេតនេះ មានលិខិតអនុញ្ញាត្តិ ពីរដ្ឋបាលរាជធានី ភ្នំពេញ, លិខិតពីនិយ័តករ ទូរគមនាគមន៍កម្ពុជា និងលិខិតរបស់ ការិយាល័យ ច្រកចេញចូលតែមួយ របស់សាលាខណ្ឌទួលគោក ប៉ុន្ដែទីតាំងខាងលើនេះលួចបង្កប់ល្បែងស៊ីសងខុសច្បាប់ ។
អាជ្ញាធរខណ្ឌទួលគោក បានបន្ដថា នៅក្នុងការចុះបង្ក្រាប ទីតាំងអ៊ិនធើណេត បង្កប់ល្បែងស៊ីសង សមត្ថកិច្ចបានឃាត់ខ្លួនបុគ្គលិកមើលការខុសត្រូវ ចំនួន៤នាក់ ក្នុងនោះជាស្រី៤នាក់ ព្រមទាំងដកហូតបានកំព្យូទ័រ ចំនួនជាង២០ គ្រឿង ទោះបីជាយ៉ាងណា គេពុំដឹងថា សមត្ថកិច្ចចាត់ការតាមច្បាប់ ឬយ៉ាងណានោះទេ ។
គួរបញ្ជាក់ថា នៅក្នុងខណ្ឌទួលគោក មានទីតាំងអ៊ីនធើណេត២៤ម៉ោង ជាច្រើនកន្លែងទៀត ដែលគេះអាងថា សុទ្ធតែមានបង្កប់ ល្បែងស៊ីសង និងខ្លះទៀត លួចលាក់ ដោយដោះស្លាកចេញក៏មានដែរ ៕




































