នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើនៅខេត្តរតនគិរី

0

ខេត្តរតនគិរី៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី និងមានការចូលរួមពីអន្តរក្រសួង ព្រមទាំងស្ថាប័នចំរុះពាក់ព័ន្ធក្នុងខេត្តផងដែរ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលប្រជុំអាគារB សាលាខេត្តរនគិរី នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មានប្រសាសន៍ថា ការប្រជុំនេះសំខាន់ គឺស្តាប់របាយការណ៍ របស់ក្រុមការងារអនុគណៈកម្មការខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលបានធ្វើប្រតិបត្តិការ ជាមួយស្ថានប័នព័ន្ធ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចនានា ក្នុងខេត្តរតនគិរី កន្លងមក ហើយបានលេចចេញជាលទ្ធផល ទាំងផ្នែកវិជ្ជមាន និងផ្នែកអវិជ្ជមាន។ ឯកឧត្តម បានលើកឡើងថា ក្រុមហ៊ុនដែលបានទទួលសិទិ្ធដីសម្បទានពីរាជរដ្ឋាភិបាល ក្នុងការវិនិយោគស្របច្បាប់ ក៏ប៉ុន្តែក្រុមហ៊ុនមួយចំនួន ធ្វើសកម្មភាពមិនស្របច្បាប់ ដែលនាំឲ្យមានបទល្មើសព្រៃឈើកើតឡើង។ ឯកឧត្តម ក៏បានលើកយកបទពិសោធន៍ ៣ចំណុចសំខាន់ ដែលនាំឲ្យកើតមានបទល្មើសព្រៃឈើ ជូនអង្គប្រជុំ ដើម្បីធ្វើជាបទពិសោធន៍ បន្តទៅមុខ ទី១.ទីតាំង ភូមិសាស្រ្ថ កន្លែងដែលក្រុមហ៊ុនវិនិយោគ កន្លែងអភិរក្ស និងអភិវឌ្ឍន៍ រវាងកសិកម្ម និងបរិស្ថានមានចំណុចខ្លះមិនទាន់ឯកភាពគ្នា ទី២.ពាក់ព័ន្ធនិងការជ្រកក្រោមលេស ឬស្លាកសញ្ញា មានភាពស្របច្បាប់របស់ក្រុមហ៊ុន រួចធ្វើការកាប់ឈើកន្លែងផ្សេងអូសចូលក្រុមហ៊ុន ដើម្បីផលិតចេញជាឈើស្របច្បាប់ ការបង្កើតរោងសន្និធិឈើច្រើនកន្លែង ដែលធ្វើឲ្យឈើនេះ មិនអាចទៅដល់គោលដៅដែលត្រូវទៅ យកឈ្មោះដីសម្បទានសង្គមកិច្ច ដើម្បីទៅកាប់ឈើខុសច្បាប់ ការយកស្លាកសញ្ញាក្រសួងស្ថាប័នរបស់រដ្ឋ ដើម្បីជ្រកពួនគេចវេស និងទី៣.ការបង្កើតឲ្យមានភាពស្របច្បាប់ ដោយការចេញឯកសារបំពាន ជារឿងផ្សំគំនិតប្រព្រឹត្តបទល្មើស។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកឡើងថា ចំពោះខេត្តរតនគិរី មិនការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំដូចខេត្តក្រចេះ និងខេត្តមណ្ឌលគិរីទេ។ ហើយឯកឧត្ដម នាយឧត្ដមសេនីយ៍ ក៏ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ថា អនុគណៈកម្មការខេត្ត ត្រូវតែបង្ក្រាបឲ្យអស់ កុំឲ្យកើតមាន បើទោះជាបទល្មើសនោះតូចតាច ឬក៏ទ្រង់ទ្រាយធំយ៉ាងណាក៏ដោយ មានន័យថា ការបង្ក្រាបលើកនេះ ជាលើកចុងក្រោយ ដើម្បីកុំឲ្យរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋមានការ ព្រួយបារម្ភ អំពីបទល្មើស ធនធានធម្មជាតិ តទៅទៀត។ តែឯកឧត្ដមបញ្ជាក់ថា ក្រុមហ៊ុនដែលអនុវត្តទៅតាមសិទ្ធវិនិយោគត្រឹមត្រូវ ដាច់ខាតត្រូវតែការពារ ប៉ុន្តែក្រុមហ៊ុនដែលប្រព្រឹត្តបទល្មើស ដាច់ខាតត្រូវតែបង្ក្រាប៕ ដោយ ភួង ផុន