អភិបាលខេត្តកំពង់ចាម​ ពន្លឿន​ការ​សាងសង់​ខឿន​ច្រាំង​ទន្លេ​ ក្រុង​កំពង់ចាម​ ឲ្យ​ឆាប់​រួចរាល់​មុន​រដូវ​ទឹក​ឡើង

0

កំពង់ចាម​:​ គម្រោង​សាងសង់​ឡេីង​វិញ​ សំណង់ខឿនច្រាំងទន្លេដែលជារបាំងការពារទឹកជំនន់លិចលង់ក្រុងកំពង់ចាម​ ដែលរាជរដ្ឋាភិបាលសម្រេចផ្តល់នូវទឹកប្រាក់ប្រមាណ១,៦លានដុល្លារ​ តាមរយៈក្រសួងធនធានទឹកនិងឧតុនិយម ដោយការសាងសង់ មានប្រវែង១៧០ម៉ែត្រ​ ជម្រៅ២១ម៉ែត្រ សាងសង់ដោយក្រុមបច្ចេកទេសក្រសួង ធនធានទឹក និងឧតុនិយម​ មកដល់ពេលនេះសម្រេចបាន​ប្រមាណ​ជាង៧០ភាគរយហេីយ ដែលអាច​ធានាបាន​ក្នុង​រង្វង់​កម្ពស់​ទឹកជំនន់​ទន្លេមេគង្គ​ប្រមាណ​ជាង១០ម៉ែត្រ​ ដោយ​ផ្អែកលើ​ប្រវែង​កម្ពស់​ជើងទេរ​ចំនួន​ពីរ​កង់​ខាងក្រោម នៅតែខឿនបង្កាន់ដៃការពារទឹកឡើងហួសពីចំណុចប្រកាសអាសន្ន​។ នេះបើតាមការបញ្ជាក់ឲ្យដឹង របស់ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាគម្រោងខាងលើ នាល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ នេះដែរ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានជំរុញឲ្យអ្នកទទួលការគម្រោង យកចិត្តទុកដាក់លើកិច្ចការរបស់ខ្លួន ដើម្បី ឲ្យរួចរាល់ ទាន់មុនរដូវទឹកឡេីងឈានមកដល់ ។
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីរងការបាក់ស្រុតដោយសារទឹកជំនន់ ទន្លេមេគង្គកាលពីឆ្នាំ២០១៨ កន្លងទៅ អាជ្ញាធរខេត្តក៏បានស្នើសុំជួយអន្តរាគមន៍ពីរាជរដ្ឋាភិបាល ដើម្បី សាងសង់គម្រោងរបាំងការពារច្រាំងទន្លេប្រវែង ១៧០ម៉ែត្រនេះឡើងវិញ ដើម្បី បញ្ចៀសការបាក់ស្រុតច្រាំង ដែលនាំឲ្យបាក់ដាច់ខូចខាត ប៉ះពាល់ដល់ផ្លូវថ្នល់ ។​ ជាមួយនឹងការសាងសង់គម្រោងការពារច្រាំងទន្លេនេះដែរ អាជ្ញាធរខេត្ត ក៏គ្រោងនឹងជួសជុលកែលម្អសួនច្បារ ដែលបានបាក់ស្រុតជាមួយនឹងច្រាំង ឲ្យបានប្រសើរឡើងវិញ ផងដែរ។
បេីយោងតាម​របាយការណ៍​របស់មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម​ បាន​បញ្ជាក់​​ថា សម្រាប់ខេត្តកំពង់ចាម​ ចាប់​គិតត្រឹមថ្ងៃទី៩ ខែសីហា​​ ឆ្នាំ២០១៩នេះ ទឹកទន្លេ​មេគង្គកេីនឡេីង​កម្ពស់​៧.៣២ម៉ែត្រ​ បេី​ប្រៀបធៀប​នឹង​ថ្ងៃ​ម្សិលមិញ​ទឹក​កេីនឡេីង​០.២៥ម៉ែត្រ​ ដោយ​ឡែក​ឆ្នាំ​២០១៨កន្លងទៅ​ទឹក​មាន​កម្ពស់​រហូត​១៥.២២ម៉ែត្រ​ឯណោះ​ ខណៈកម្ពស់ទឹក​ដែល​ត្រូវ​ប្រកាស​អាសន្ន​១៥.២០ម៉ែត្រ​ ៕