ខេត្តរតនគិរី៖ នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម ថង សាវុន អភិបាលខេត្តរតនគិរី បានអញ្ជើញចុះពិនិត្យស្ថានភាពទីកទន្លេស្រែពក ស្ថិតក្នុងស្រុកលំផាត់ ដែលកំពង់ជនលិចតំបន់ទំនាបមួយចំនួន នៅជិតមាត់ទន្លេ។

ចាន់ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី បានអោយដឹងថា រយះពេលប៉ុន្មានថ្ងៃនេះក្នុងខេត្តរតនគិរី មានភ្លៀងធ្លាក់ជាប់ៗគ្នាជា ហេតុបណ្តាលអោយទឹកទន្លេស្រែពក ឡើងយ៉ាងខ្លាំង។ លោកបន្តថាគិតត្រឹមព្រឹកថ្ងៃទី៨ខែសីហាឆ្នាំ២០១៩នេះ កម្ពស់ទឹកទន្កេស្រែពក មានកម្រិតកម្ពស់ ១១,៨០ម៉ែត្រ ខណៈ ដែលកម្រិតប្រកាសអាសន្ន ១២ម៉ែត្រ ៥០។
ហើយនៅម៉ោង៣ រសៀលនេះទឹកហក់ដល់១២ម៉ែត២០ ជិតដល់ចំណុចប្រកាសអាសន្នពីព្រោះនៅផ្នែកខាងលើ ទឹកកំពុងបន្តហូរធ្លាក់មកផ្នែកខាងក្រោមបន្តទៀត។ លោកបន្តទៀតថាដោយឡែកស្រុកកូនមុំមានឃុំចំនួន២ ដែលរងការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនេះដែរ គឺឃុំស្រែអង្ក្រង និងឃុំសិរីមង្គល ដែលស្ថិតនៅជាប់ដងទន្លេស្រែពកនេះ។
លោក នូ ថេរ អភិបាលស្រុកលំផាត់ ក៏បានអោយដឹងផងដែរថា មានឃុំចំនួន៣ ដែលនៅតាមបណ្តោយទន្លេស្រែពក គឺឃុំសេដា ឃុំជ័យឧត្តម និងឃុំកាឡែង ទាំង៣ឃុំនេះមានភូមិចំនួន៨ ទទួលរងនូវផលប៉ះពាល់ដោយជំនន់ទឹកទន្កេស្រែពក។
លោកអភិបាលស្រុកបន្តថា ទឹកបានហូរចាក់ទៅតំបន់ទំនាបជាហេតុធ្វើអោយស្រែ ចំការ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ នៅតាមភូមិខាងលើមានការលិចលុង។ តែទោះបីយ៉ាងណាផលដំណាំទាំងអស់មិនទាន់ខូចខាតនៅឡើយទេ ពីព្រោះទឹកទើបតែចាប់ផ្តើមលិចព្រឹកមុិញនេះ។ លោកថា បច្ចុប្បន្នអាជ្ញាធរស្រុក បានធ្វើការណែនាំអោយប្រជាពលរដ្ឋក្នុងស្រុកលំផាត់មានការប្រុងប្រយ័ត្នអោយបានខ្ពស់។ហើយនៅចំពោះមុខនេះ ភូមិ.ឃុំ ដែលបានលិចប្រជាពលរដ្ឋបាននឹងកំពុងជម្លៀសទ្រព្យសម្បត្តិ និងសត្វពាហនៈទៅទីទួលសុវត្តិភាពបណ្តើៗផងដែរ៕ ដោយ ភួង ផុន




































