ខេត្តតាកែវ៖ ជនជាមេក្លោងជួញដូរថ្នាំញៀននៅឃុំជើងគួនដ៏សកម្មម្នាក់ ត្រូវបានកម្លាំងជំនាញបទល្មើសគ្រឿងញៀន នៃកងរាជអាវុធ
ហត្ថខេត្តតាកែវ បញ្ជូនទៅកាន់តុលាការសាលាដំបូងខេត្ត នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ ដើម្បីចាត់ការតាមនីតិវិធី។
យោងតាមរបាយការណ៏របស់លោកវរសេនីយ៍ត្រី ឈុន សុមេធា នាយការិយាល័យបទល្មើសគ្រឿងញៀន បានឲ្យដឹងថា វេលាម៉ោង១៣ និង១០នាទី ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១៩ កំលាំងមូលដ្ឌាន កងរាជអាវុធហត្ថស្រុកសំរោង សហការណ៍ជាមួយកំលាំង
ការិយាល័យជំនាញបទល្មើសគ្រឿងញៀន ដឹកនាំដោយវរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការរងនិងជានាយសេនាធិការ ដោយមានការសម្របសម្រួលនិតិវិធី ពីសំណាក់លោក ផាន់ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងរក្សាទុកសារធាតុញៀនខុសច្បាប់ នៅចំនុចភូមិ ពន្សាំង ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ ។
របាយការណ៍បន្តថា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ នួន ប៊ុនថៃ ភេទ ប្រុស អាយុ ២៦ឆ្នាំ មាន មុខរបរ លក់សាច់ជ្រូក រស់នៅកន្លែងកើតហេតុខាងលើ ព្រមទាំងបានដកហូតវត្ថុតាង ជាម្ស៉ៅក្រាមសថ្លាចំនួន១៣កញ្ចប់ ទម្ងន់២.៩៣ក្រាម(ថ្លឹងទាំងសំបក) ,ទូរសព្ទ័ដៃអិនចុចពិល ចំនួន០១គ្រឿង, ដាវដែកចំនួន០១។
បន្ទាប់ពីឃាត់ខ្លួន កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងដើម្បីចាត់ការតាមនីតិវិធី៕




































