ព្រះវិហារ៖ នៅព្រឹកថ្ងៃសុក្រ ទី០៩ សីហានេះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំមន្ត្រីជំនាញ
ចុះពិនិត្យលើការជួសជុលបណ្តោះអាសន្នផ្លូវ១ខ្សែ ឡើងវិញហើយ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង កាលពីចុងខែកក្កដា កន្លងមកនេះ ស្ថិតក្នុងភូមិរំដោះ ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ស្របតាមការណែនាំរបស់ឯកឧត្តមអភិបាលខេត្តព្រះវិហារ។
មានប្រសាសន៍នៅក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តម ប្រាក់ សុវណ្ណ បានថ្លែងការកោតសរសើរដល់អង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់គិតគូរដោះស្រាយ ចំពោះបញ្ហាប្រឈមនានា របស់បងប្អូន ប្រជាពលរដ្ឋបានទាន់ពេលវេលា។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានកោតសរសើរដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលបានអនុវត្តតួនាទីភារកិច្ចបានទាន់ពេលវេលា តាមការណែនាំរបស់អជ្ញាធរខេត្ត។
ដោយឡែក ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានឲ្យដឹងថា តបតាមការណែនាំរបស់ឯកឧត្តមអភិបាលខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានធ្វើការជួសជុលបណ្តោះអាសន្នឡើងវិញ ផ្លូវដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង សម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់បានស្រួលនោះ ចំនួន២ខ្សែរ។
លោកប្រធានមន្ទីរ បានបញ្ជាក់ថា ការជួសជុសបណ្តោះអាសន្នផ្លូវ ដែលរងកាតខូចខាតដោយជំនន់ទឹកភ្លៀងឡើងវិញ គឺនៅភូមិភ្នៀត ឃុំតស៊ូ ស្រុកជយ័សែន គឺយើងបានកាយផ្លូវដាក់លូចំនួន ៦កង់ ដើម្បីបង្ហូទឹក ចំណែកនៅភូមិរំដោះ ឃុំរក្សា ស្រុករវៀង ខេតព្រះវិហារ យើងបានចាក់ដីប្រើគឿងចក្រឈូសឆាយ និងកិនបង្ហាប់ធ្វើយ៉ាងណាឲ្យពលរដ្ឋបានប្រើប្រាស់ រហូតមកដល់ពេលនេះ យើងបានជួសជុលបណ្តោះអាសន្នបាន ១០០%ហើយ។ លើសពីនេះលោកប្រធានមន្ទីរ ក៏បានថ្លែងអំណរគុណដល់មន្ទីរកសិកម្មខេត្ត ដែលបានផ្តល់ឈើសម្រាប់ជួសជុលស្ពានមួយកន្លែងផងដែរ៕សួនលីណា





































