ឯកឧត្តម តឹក រេតសំរេច៖ថ្នាក់ដឹកនាំ និងសមាជិក​ សមាជិកានៃក្រុមការងារចុះជួយមូលដ្ឋានទាំងអស់​ ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋអោយអស់ពីលទ្ធភាព​និងទាន់ពេលវេលា

0

ព្រះសីហនុ នៅរសៀលថ្ងៃទី១០ ខែសីហា​ ឆ្នាំ២០១៩​ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ មានរៀបចំពិធី​ប្រកាស​ និងប្រគល់ភារកិច្ចជូនក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានសង្កាត់ទាំង៤នៃ​ក្រុងព្រះសីហនុ ក្រោមអធិបតីភាព​ ឯកឧត្តម តឹករ៉េត​ សំរេច​ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ​មូលដ្ឋានក្រុងព្រះសីហនុ​ ដោយមានការអញ្ជើញចូលរួមពីសមាជិក​ សមាជិកាគណបក្សប្រជាជន​កម្ពុជាក្រុងព្រះសីហនុ​យ៉ាងច្រើនកុះករ។

នាឱកាសដ៏រីករាយស្និទ្ធស្នាលនេះ ឯកឧត្តម​ តឹករ៉េត សំរេច​ មានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ​របស់គណបក្សប្រជាជនកម្ពុជា​ និងរាជរដ្ឋាភិបាលកម្ពុជា​ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុនសែន​ ជាអគ្គមគ្គុទេសដ៏ឈ្លៀសវៃ​ និងជាញជ័យប្រទេសកម្ពុជាសម្រេចបានសុខសន្តិភាព​ និងស្ថិរភាព​នយោបាយពេញលេញ​ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំចុងក្រោយរបស់កម្ពុជា​ និងដែលបង្កេីត​បានជាមូលដ្ឋានគ្រឹះ​ដ៏រឹងមាំ និងលក្ខខណ្ឌចំបងបំផុត​ សម្រាប់ការកសាង​ និងអភិវឌ្ឍប្រទេសជាតិ​។ ដូច្នេះហេីយបានជាកម្ពុជា​ និយាយជារួម​ និងខេត្តព្រះសីហនុ​ និយាយដោយឡែក​ ទទួលបានវិនិយោគទុនបរទេសជាច្រេីន​ ជាពិសេសពីសំណាក់វិនិយោគិនចិន​ ដែលសម្លឹងឃេីញសក្តានុពលដ៏ធំធេងនៃខេត្តព្រះសីហនុ​ ដែលជាតំបន់មាត់សមុទ្រដ៏ស្រស់ស្អាត​ ជាមួយនឹងកំពង់ផែសមុទ្រ​ និងព្រលានយន្តហោះអន្តរជាតិ​។

ទន្ទឹមនឹងនេះ​ ឯកឧត្តមប្រធានមានប្រសាសន៍បន្ថែមថា​ ការហូរចូល​មកយ៉ាងគំហុកនូវវិនិយោគបរទេសនេះ​ ក៏បាន​នាំមកនូវបញ្ហាប្រឈមថ្មីៗជាបណ្តោះអាសន្នមួយចំនួនផងដែរ​ ដែលទាមទារអោយយេីងទាំងអស់គ្នាដែលជាថ្នាក់ដឹកនាំ​ និងសមាជិក​ សមាជិកា​គណបក្សនៃក្រុង​ និងខេត្តព្រះសីហនុ​ រួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយដោះស្រាយ​ អោយបានទាន់ពេលវេលា​ ដេីម្បីអោយការវិនិយោគនេះផ្តល់ជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋ​ ធានាបាននូវល្បឿននៃការអភិវឌ្ឍ​ និងប្រែក្លាយក្រុង​ និងខេត្តព្រះសីហនុអោយទៅជាប៉ូលសេដ្ឋកិច្ចដ៏ធំមួយទៀតរបស់កម្ពុជា​ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ វប្បធម៌​ និងទេសចរណ៍​នាេពេលអនាគតខាងមុខនេះ។

ជាចុងក្រោយ​ ឯកឧត្តមប្រធានមានប្រសាសន៍ថា​ ឯកឧត្តម​ និងក្រុមការងារត្រៀមលក្ខណ:ជានិច្ច​ ចូលរួមសហការ​ និងរួមសុខរួមទុក្ខជាមួយអាជ្ញាធរមានសមត្ថកិច្ច​គ្រប់លំដាប់ថ្នាក់នៃក្រុង​ និងខេត្តព្រះសីហនុ​ ដេីម្បីបម្រេី​ ដោះស្រាយបញ្ហា​ និងឆ្លេីយតបទៅនឹងសំណូមពរ​ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្រុង​ និងខេត្តព្រះសីហនុ។ ឯកឧត្តមបានលេីកទឹកចិត្តអោយថ្នាក់ដឹកនាំ​ និងសមាជិក​ សមាជិកានៃក្រុមការងារចុះជួយមូលដ្ឋានទាំងអស់​ យកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋអោយអស់ពីលទ្ធភាព​ និងសមត្ថភាព និងទាន់ពេលវេលា​ ព្រោះមានតែអ្នកដឹកនាំនៅមូលដ្ឋានប៉ុណ្ណោះដែលដឹងច្បាស់​ និងអាចដោះស្រាយបានភ្លាមៗទាន់ពេលវេលា​នូវទុក្ខកង្វល់​ និងតម្រូវការ​របស់ប្រជាពលរដ្ឋ ព្រោះពួកគាត់នៅជាប់ជាមួយនឹងប្រជាពលរដ្ឋគ្រប់ពេលវេលា។