កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម អមដំណើរដោយមន្ត្រីពាក់ព័ន្ធ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះ បានដឹកនាំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តម ហ៊ុន ម៉ានី ចំនួន៤២៣នាក់ ចុះពិនិត្យ និងព្យាបាលជម្ងឺជូនដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ប្រមាណជាង៤០០០នាក់ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែនមានជ័យ ស្ថិតក្នុងឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តម ហ៊ុន ម៉ានី ដែលសុទ្ធសឹងតែជាអ្នកមានជំនាញបទពិសោធន៍ច្បាស់លាស់ ទទួលការសិក្សានៅបរទេស ហើយលះបង់ពេលវេលា ចុះជួយពិនិត្យ និងព្យាបាលជម្ងឺ ជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ ដោយមិនគិតពីការនឿយហត់ ដែលកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់ បងប្អូនប្រជាពលរដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ
អនាគតតែមួយ ពោលគឺការពិនិត្យព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត បានលេីកឡើងផងដែរថា ការចុះពិនិត្យ និងព្យាបាលជម្ងឺ ជូនបងប្អូនប្រជាពលរដ្ឋ ដល់មូលដ្ឋានផ្ទាល់នាឱកាសនេះ គឺដើម្បីចូលរួមចំណែកទ្រទ្រង់ដល់ជីវភាពក្នុងគ្រួសារបងប្អូនប្រជាពលរដ្ឋ ដោយមិនត្រូវចំណាយពេលវេលា និងថវិកាទៅពិនិត្យ និងព្យាបាលជម្ងឺ នៅទីឆ្ងាយៗផងដែរ ។
ឯកឧត្តម ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម បានថ្លែងថា អ្វីដែលយើងជួបជុំគ្នាដោយរីករាយក្នុងការទទួលសេវាពិនិត្យព្យាបាលជម្ងឺដោយឥតគិតថ្លៃនៅពេលនេះ គឺអាស្រ័យដោយតម្លៃសន្តិភាព យើងមានសន្តិភាព ទើបយើងបានជួបជុំគ្នានៅពេលនេះ បេីសិនជាគ្មានសន្តិភាពទេ គឺមិនអាចនិយាយដល់ការព្យាបាលជម្ងឺបានទេ ហើយវិស័យផ្សេងៗក៏យ៉ាងដូច្នោះដែរ បើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍន៍
រីកចម្រើនផងដែរ ដូច្នេះសន្តិភាពជាតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ ហើយសន្តិភាពនេះបានមកពីការលះបង់ និងការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋយេីង ចូលរួមថែរក្សានូវសុខសន្តិភាពនេះ ឲ្យបានស្ថិតស្ថេរគង់វង្ស ដេីម្បីបន្តការអភិវឌ្ឍន៍រីកចម្រើនតទៅមុខទៀត ។
សូមបញ្ជាក់ផងដែរថា ការចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋរួមមាន៖ ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជម្ងឺផ្លូវចិត្ត ជម្ងឺទូទៅផ្នែកកុមារ ជម្ងឺរោគស្ត្រី ជម្ងឺឬសដូងបាត ជម្ងឺសួត ក្រពះ ពោះវៀន ជម្ងឺផ្លូវដង្ហើម ជម្ងឺប្រដាប់រំលាយអាហារ ជម្ងឺសើស្បែក ជម្ងឺព្រូន ជម្ងឺស្លេកស្លាំង ជម្ងឺសន្លាក់ឆ្អឹង ជម្ងឺរលាកថ្លើម ជម្ងឺកាមរោគ ជម្ងឺគ្រុនចាញ់ ជម្ងឺគ្រុនឈាម ជម្ងឺភ្នែក សុខភាពមាត់ធ្មេញ ជម្ងឺទឹកនោមផ្អែម ជម្ងឺបេះដូង លើសឈាម ជម្ងឺត្រចៀក ច្រមុះ បំពង់ករ ជម្ងឺតម្រងនោម អេកូសាស្ត្រ ព្យាបាលរបួស វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍(វិភាគឈាម)…។ល។ ៕




































