ព្រះវិហារ): គណៈប្រតិភូប្រទេសវៀតណាម ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ ហ័ង វ៉ាន់មិញ នាយកវិទ្យាស្ថានកងទ័ពជើងគោកដាឡាត់ អញ្ជើញចូលជួបសំណេះសំណាល ជាមួយអតីតសិក្ខាកាមយោធាកម្ពុជា ដែលធ្លាប់បានឆ្លងកាត់ ការសិក្សាតាមបណ្តាមុខជំនាញផ្សេងៗ នៅវិទ្យាស្ថានកងទ័ពជើងគោកដាឡាត់ នៃប្រទេសវៀតណាម។
នាព្រឹកថ្ងៃអាទិត្យ ទី១១ សីហានេះ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ក្រោមកិច្ចទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក រួមនិងឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង កងពលតូចអន្តរាគមន៍ទាំងបីចំណុះផងដែរ។
នៅក្នុងជំនួបសាកសួរសុខទុក្ខ នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក បានថ្លែងថា ដើម្បីភាពសុខសាន្តរបស់ប្រជាជនកម្ពុជា និងកិច្ចការពារប្រទេសជាតិឡើងវិញកងពលធំអន្តរាគមន៍លេខ៣ ធ្លាប់បានកៀកស្មាជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម ដោយឆ្លងកាត់សមរភូមិជាច្រើន ហើយបានធ្វើពលីកម្មគ្រប់យ៉ាង លះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារទប់ស្កាត់ការប៉ុនប៉ងត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ប៉ុលពត។ តាមរយៈការជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារៈ ក៏ដូចជាការជួយបណ្ដុះបណ្ដាលធនធានមនុស្ស ពីសំណាក់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គម
និយមវៀតណាម។ ឯកឧត្តមមេបញ្ជាការរងកងទ័ពជើងគោកថ្លែងថា បច្ចុប្បន្ននៅទូទាំងកងពលធំអន្តរាគមន៍លេខ៣ មាននាយទាហាន ដែលអតីតជាសិក្ខាកាម ធ្លាប់បានឆ្លងកាត់ការសិក្សាសរុបចំនួន ២០៦នាក់។ ក្នុងនោះមកពីវិទ្យាស្ថានកងទ័ពជើងគោកដាឡាត់ ចំនួន៦២រូប។ ហើយនៅក្នុងចំណោមនាយទាហានទាំង៦២រូបនេះ មានឋានន្តស័កថ្នាក់ឧត្តមសេនីយ៍ឯកចំនួន២រូប ថ្នាក់ឧត្តមសេនីយ៍ទោ ២រូប ឧត្តមសេនីយ៍ត្រី ៧រូប វរសេនីយ៍ឯក ១៤រូប វរៈសេនីយទោ ៩រូប វរសេនីយ៍ត្រី ១៨រូប និងថ្នាក់អនុសេនីយ៍ឯកចំនួន ៨រូប។
មេបញ្ជាការរងកងទ័ពជើងគោក ឯកឧត្តម ស្រី ឌឹក បានលើកឡើងបន្ថែមថា សកម្មភាពទាំងអស់នេះ គឺសបញ្ជាក់ឱ្យឃើញ យ៉ាងច្បាស់អំពីកិច្ចសហប្រតិបត្តិការល្អ ទំនាក់ទំនងល្អ ចំណងមិត្តភាព សាមគ្គីភាពយ៉ាងជិតស្និទ្ធ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា.វៀតណាមផងដែរ។
ជាមួយគ្នាទៅនិងការលើកឡើង របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ័ង វ៉ាន់មិញ នាយកវិទ្យាស្ថានកងទ័ពជើងគោក ដាឡាត់ បានសំដែងការរីករាយសប្បាយចិត្ត ដោយមើលឃើញ ពីការយកចិត្តទុកដាក់ចំពោះ ការផ្តល់មុខតំណែងបានសមរម្យ ជូនដល់នាយទាហាន អតីតដែលជាសិក្ខាកាម ធ្លាប់បានឆ្លងកាត់ការសិក្សា នៅវិទ្យាស្ថានកងទ័ពជើងគោកដាឡាត់ នៃប្រទេសវៀតណាម នាពេលកន្លងមក។ នាយកវិទ្យាស្ថានកងទ័ពជើងគោកដាឡាត់ ថ្លែងបន្តថា បច្ចុប្បន្នអគ្គបញ្ជាការ មេបញ្ជាការកងទ័ពជើងគោក«វៀតណាម» នឹងអគ្គបញ្ជាការ មេបញ្ជាការកងទ័ពជើងគោក«កម្ពុជា» កំពុងប្រជុំពិភាគ្សាគ្នាស្តីពី ការបន្តជួយបណ្តុះបណ្តាល ដល់នាយ និងពលទាហាន កងយោធពលខេមរភូមិន្ទបន្ថែមថែមទៀត ឱ្យមានចំនួនកាន់តែច្រើនឡើង។ ដោយយកចេញពីស្រទាប់កូនសិស្ស ដែលធ្លាប់បានឆ្លងកាត់ការសិក្សា ឱ្យទៅបន្តការសិក្សាបន្ថែម នៅវិទ្យាស្ថានកងទ័ពជើងគោក នៃប្រទេសវៀតណាម។ ដើម្បីុមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការក្លាយទៅជាថ្នាក់ដឹកនាំបន្តវេន ដ៏ឆ្នើមនៅក្នុងកាតព្វកិច្ច ការ ការពារបូរណភាពទឹកដី របស់កម្ពុជា។
សូមជម្រាបថា ក្រោយពីជំនួបពិភាគ្សា និងការសំណេះសំណាល សាកសួរសុខទុក្ខ បានបញ្ចប់ គណៈប្រតិភូ បានធ្វើការប្រគល់ វត្ថុអនុស្សាវរីយ៍ដល់គ្នាទៅវិញ ទៅមក ក្នុងន័យរឹតចំណងមិត្តភាព នៃប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត៕សួនលីណា




































