ប្រជាពលរដ្ឋចំនួន១០គ្រួសារ នៅស្រុកជាំក្សាន្ត តវ៉ាសុំឱ្យក្រុមការងារគ្រប់គ្រងដីរដ្ឋថ្នាក់ស្រុក ជួយអន្តរាគមន៍ដោះស្រាយដីធ្លី ដែលពាក់ព័ន្ធជាមួយអង្គភាពកងពលតូចទ័ពពិសេសឆត្រយោង៩១១ ឲ្យពួកគាត់នៅមួយម្តុំ!

0

ព្រះវិហារ: ប្រជាពលរដ្ឋចំនួន១០គ្រួសារ រស់នៅភូមិកោងយោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាំគ្នាឡើងទៅសាលាឃុំ តវ៉ាសុំឱ្យក្រុមការងារគ្រប់គ្រងដីរដ្ឋថ្នាក់ស្រុក ជួយអន្តរាគមន៍ដោះស្រាយដីធ្លី ដែលជាប់ពាក់ព័ន្ធជាមួយអង្គភាព កងពលតូចទ័ពពិសេសឆត្រយោង៩១១ ដើម្បីឲ្យពួកគាត់នៅមួយម្តុំ។

ការតវ៉ានេះ កើតឡើងកាលពីរសៀលថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០១៩កន្លងមកនេះ ក្រោយពេលដែលក្រុមការងារគ្រប់គ្រងដីរដ្ឋថ្នាក់ស្រុក ចុះសម្របសម្រួល និងដោះស្រាយដីធ្លី ដែលជាប់ពាក់ព័ន្ធមានទំនាស់ រវាងអង្គភាព កងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ប្រចាំទិសទី១ប្រាសាទព្រះវិហារ និងប្រជាពលរដ្ឋចំនួន ៣១គ្រួសារ មកពីភូមិកំពេញ និងភូមិកោងយោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ដឹកនាំដោយ លោក ជា គឹមសេង អភិបាល នៃគណៈអភិបាលស្រុកជាំក្សាន្ត និងឯកឧត្តម ឧត្តមសេនីយ៍ទោ យឹម ជុន្នី មេបញ្ជាការរងកងពលតូចទ័ពពិសេសឆត្រយោងលេខ៩១១ ព្រមទាំង កងកម្លាំងនគរបាល កងទ័ព មន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីជំនាញបរិស្ថានស្នាក់ការតាងកឹងផងដែរ។

លោក ហ៊ឹម ហឿន មេឃុំយាង បានបញ្ជក់ឱ្យដឹង នៅព្រឹកថ្ងៃច័ន្ទ ទី១២ ខែសីហា នេះថា នៅក្នុងចំណោមប្រជាពលរដ្ឋចំនួន ៣១គ្រួសារនោះ មាន៦គ្រួសារហើយ ដែលព្រមទទួលយកការដោះស្រាយ ដោយឃ្លុំឃ្វាលពីក្រុមការងារ និងប្រជាពលរដ្ឋចំនួន ១៥គ្រួសារទៀត បានទទួលយកការសម្របសម្រួល ដោះស្រាយពីអង្គភាពកងទ័ពលេខ៩១១ ក្នុងនោះមួយគ្រួសារទទួលបានដីចំនួន២ហិកតា។

លោកបន្តថា ចំពោះប្រជាពលរដ្ឋ ១០គ្រួសារ ដែលមានដីឡូត៍នៅជាប់ផ្លូវ ដែលអង្គភាពកងពលតូចទ័ពពិសេសឆ័ត្រយោងលេខ៩១១ បានរំលោភយក ដើម្បីធ្វើការសាងសង់ផ្ទះឱ្យគ្រួសារកងទ័ព ដោយសំអាង និងបញ្ជាក់ថា អង្គភាពបានធ្វើសំណើរស្នើសុំ ទៅអាជ្ញាធរពាក់ព័ន្ធហើយនោះ។ នៅមិនទាន់បានធ្វើការដោះស្រាយ ជូនពួកគាត់នោះនៅឡើយទេ។ ចំណែកដីពលរដ្ឋខ្លះទៀតខាងកងទ័ពគាត់គ្រាន់ តែឱ្យក្រុមការងារធ្វើការវាស់វែងឃ្វាលលើដី ដែលប្រជាពលរដ្ឋបានធ្វើការបង្កបង្កើនផលហើយតែប៉ុណ្ណោះ។

ដោយឡែក ប្រជាពលរដ្ឋចំនួន១០គ្រួសារ ដែលនាំគ្នាឡើងមកសាលាឃុំ តវ៉ាស្រែកទាមទារឱ្យអាជ្ញាធរជួយដោះស្រាយដីធ្លី របស់ពួកគាត់បានអាស្រ័យផល តាំងពីឆ្នាំ២០១៥ ហើយជាប់ពាក់ព័ន្ធជាមួយអង្គភាព កងពលតូចទ័ពពិសេសឆ័ត្រយោងលេខ៩១១នោះ។ ពួកគាត់ក៏បានស្នើសុំឱ្យក្រុមការងារ គ្រប់គ្រងដីរដ្ឋថ្នាក់ស្រុក ក៏ដូចជាក្រុមការងារគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ធ្វើការកាត់ដីមួយចំណែកពីអង្គភាពកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ដាក់ឱ្យពួកគាត់នៅមួយម្តុំ។

លោកមេឃុំបានបញ្ជាក់ថា ចំពោះបញ្ហានេះ លោកបាននិងកំពុងធ្វើសំណើរបន្ត ដាក់ជូនទៅគណកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ស្រុក និងថ្នាក់ខេត្ត ដើម្បីជួយដោះស្រាយហើយផងដែរ៕សួនលីណា