នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ជម្រុញឱ្យអាជ្ញាធរខេត្ត ត្រូវអនុវត្តអនុសាសន៍ទាំង៤ចំណុច របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ!

0

(ព្រះវិហារ): ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានធ្វើការជម្រុញឱ្យអាជ្ញាធរខេត្តព្រះវិហារ ត្រូវអនុវត្តនូវអនុសាសន៍ទាំង៤ចំណុច របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើការងារបង្ក្រាបទប់ស្កាត់បទល្មើសគ្រឿងញៀន ឱ្យអស់ទាំងស្រុងនៅដំណាច់ឆ្នាំ២០១៩នេះ។

ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយការងារទប់ស្កាត់ និងបង្ក្រាបការនាំចូលដោយខុសច្បាប់នូវសារធាតុញៀន នៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ នាព្រឹកថ្ងៃអង្គារិ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ។

ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលខេត្តស្តីទី គោស៊ុំ ប៊ុនសឿត និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត វរៈនគរបាលការពារព្រំដែន អធិការនគរបាលក្រុង ស្រុក ជាច្រើនរូបទៀតផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ថ្លែងបន្តថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ចេញនៅអនុសាសន៍៤ចំណុច លើការងារបង្ក្រាបទប់ស្កាត់បទល្មើសគ្រឿងញៀន ឱ្យអស់ទាំងស្រុងនៅដំណាច់ឆ្នាំ២០១៩នេះ មានដូចខាងក្រោម÷

១\បញ្ចប់ទាំងស្រុងនៅរាល់បទល្មើសគ្រឿងញៀនតាមបណ្តាក្លឹបកំសាន្ត និងសប្បាយដ្ឋានានា ២\ត្រូវរឹបអូសបន្តឹងការត្រួតពិនិត្យ ដើម្បីទប់ស្កាត់ បង្ក្រាប លំហូរគ្រឿងញៀនចូលមកកម្ពុជា នាទិសឥសានតាមព្រំដែនកម្ពុជា-ឡាវ ៣\ខិតខំស្រាវជ្រាវបង្ក្រាបរាល់ទីតាំងលួចលាក់ កែច្នៃគ្រឿងញៀន ៤\មិនត្រូវការពារ មិនត្រូវពាក់ព័ន្ធ មិនត្រូវអត់អោន ឬអន្តរាគមន៍ចំពោះរាល់ បទល្មើសគ្រឿងញៀនជាដាច់ខាត។

សូមបញ្ជាក់ថា ក្នុងរយះពេលឆមាសទី១ឆ្នាំ ២០១៩ បង្ក្រាបលើខេត្តទាំងបី (ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី) បានចំនួន៨៦ករណី ឃាត់ខ្លួនមនុស្ស បានចំនួន ១៧០នាក់ ក្នុងនោះស្រីចំនួន២៣នាក់ និងចាប់យកគ្រឿងញៀន បានចំនួន៩២៧៤ ក្រាម ក្នុងនោះខេត្តព្រះវិហារ ៣១ករណី ឃាត់ខ្លួនមនុស្សចំនួន៦៧នាក់ ស្រី ៤នាក់ និងចាប់បានគ្រឿងញៀនចំនួន ១១៨ក្រាម៕សួនលីណា