ខេត្តព្រះសីហនុ ´នេះបើយោងតាមប្រសាសន៍ លោក ភិនិត ថារុសម្បត្តិ អតីតឧបនាយករដ្ឋមន្រ្តីថៃនិងលោក និធិត យ៉ាធីប ប្រធានសមាគន៍មិត្តភាពថៃ-កម្ពុជា ក្នុងឱកាសនៃជំនួបពិភាក្សាការងារជាមួយអភិបាលនៃគណៈអភិបាលខេត្ត ព្រះសីហនុ ឯកឧត្តម គួច ចំរើននៅសៀលថ្ងៃទី 14 ខែសីហាឆ្នាំ 2019 នៅសាលាខេត្តព្រះសីហនុ។
លោក ភិនិត ថារុសម្បត្តិ បានសំដែងការសាទរចំពោះការអភិវឌ្ឍយ៉ាងលឿនរបស់ខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន។តាមរយៈជំនួបនេះនឹងធ្វើឲ្យទំនាក់ទំនងកាន់តែកាន់តែរឹងមាំថែមទៀត ចាប់ដៃគ្នាអភិវឌ្ឍ ក្នុងនាមជាញាតិភូមិផងរបងជាមួយនិងធ្លាប់មានទំនាក់ទំនងល្អជាមួយគ្នាជាយូរមកហើយ។ទោះបីជាពេលខ្លះមានភាពរកាំរកូសបន្តិចបន្តួច ប៉ុន្តែកម្ពុជាថៃគឺនៅតែជាមិត្តជិតខាងដ៏ល្អ។
លោក ភិនិត ថារុសម្បត្តិ បានបញ្ជាក់ថា៖ចិនកាលពីមុនខុសពីចិនបច្ចុប្បន្នឆ្ងាយណាស់។ចិនបច្ចុប្បន្នគឺជាអ្នកមានប្រាក់ច្រើននិងបានចូុលមកដើម្បីវិនិយោគនិងរកស៊ីនិងផ្ដល់ផលប្រយោជន៍ជាច្រើន។តាមរយៈចរន្តនៃការវិនិយោគនេះកម្ពុជានឹងកាន់តែរីកចម្រើនថែមទៀតជាពិសេសខេត្តព្រះសីហនុនឹងកាន់តែមានភាពស៊ីវីល័យ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា៖ពីមុនខេត្តព្រះសីហនុ បានផ្តោតសំខាន់លើគឺវិស័យទេសចរណ៍។ប៉ុន្តែបច្ចុប្បន្ននេះខេត្តព្រះសីហនុបានក្លាយទៅជាក្រុងឧស្សាហកម្មគំរូពហុមុខងារតែមួយគត់របស់កម្ពុជាពោរពេញដោយសក្តានុពល។សេវាកម្មជាច្រើនផ្នែកកំពុងដំណើរការរាល់ថ្ងៃ។
ជាមួយនេះការវិនិយោគលើវិស័យសំណង់កំពុងក៏មានសន្ទុះយ៉ាងគំហុក។សំណង់អគារខ្ពស់កំពុងបណ្ដែតខ្លួនក្នុងក្រុងព្រះសីហនុ។
ឯកឧត្តម គួច ចំរើន បញ្ជាក់ថា សមិទ្ធផលនេះគឺជាផ្លែផ្កានៃសន្តិភាពក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោហ៊ុន សែន។ប៉ុន្តែទោះជាយ៉ាងណាទន្ទឹមនឹងការអភិវឌ្ឍការខូចខាតលើវិស័យផ្លូវថ្នល់បានរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដោយសារតែការដឹកជញ្ជូនសម្ភារៈសំណង់ដើម្បីបំពេញដំណើរការនៃការសាងសង់សំណង់គ្រប់ប្រភេទនៅក្រុងព្រះសីហនុនាដំណាក់កាលនេះ។មួយផ្នែកទៀតដោយសារគ្រោះទឹកជំនន់ថ្មីៗនេះ ក៏បានវាយប្រហារផ្លូវថ្នល់នៅក្រុងព្រះសីហនុ រងការខូចខាតផងដែរ។តែបញ្ហាប្រឈមនេះនឹងត្រូវបានដោះស្រាយអោយប្រសើរឡើងវិញក្នុងពេលខាងមុខនេះហើយ។
ឯកឧត្តមអភិបាលខេត្តព្រះសីហនុបានគូសបញ្ជាក់ប្រាប់ភាគីថៃថា៖”ការអភិវឌ្ឍន៍ដ៏ធំធេងនេះភាគច្រើនជាគម្រោងវិនិយោគរបស់វិនិយោគិនចិនប៉ុន្តែយើងស្វាគមន៍អ្នកវិនិយោគទាំងអស់មកពីគ្រប់ទិសទី អោយវិនិយោគស្របទៅតាមច្បាប់របស់កម្ពុជា។”អភិបាលខេត្ត ថ្លែងប្រាប់ភាគីថៃថា៖ខេត្តព្រះសីហនុចង់ឃើញភ្ញៀវទេសចរមកលេងឲ្យបានកាន់តែច្រើននិងស្នាក់នៅបានយូរ។ដើម្បីជាការទាក់ទាញទេសចរឲ្យមកខេត្តព្រះសីហនុ ឯកឧត្តមអភិបាលខេត្ត បានឲ្យមន្ត្រីខេត្តព្រះសីហនុ ទៅទស្សនកិច្ចសិក្សាមើលអំពីការតែងលម្អនិងការរៀបចំផ្សេងៗនៅប្រទេសថៃដូចជានៅប៉ាតាយ៉ាជាដើម ដើម្បីយករៀបចំក្រុងព្រះសីហនុឲ្យកាន់តែមានភាពទាក់ទាញផងដែរ។
(ខៀវ សាវ៉ុន)




































