ពលរដ្ឋខ្មែរម្នាក់ ក្នុងចំណោម៤នាក់ ត្រូវទាហានថៃបាញ់បណ្តាលឱ្យរងរបួស ឆ្លងចូលទឹកដីថៃខុសច្បាប់

0

ព្រះវិហារ: ប្រជាពលរដ្ឋខ្មែរម្នាក់ ក្នុងចំណោម៤នាក់ បានរងរបួសជើងស្តាំម្ខាង ខណៈពេលធ្វើដំណើរលួចឡើងឆ្លងដែនចូលទឹកដីថៃខុសច្បាប់ ទៅរកបេះផ្កាអូគីដេ ដើម្បីយកមកលក់ ប៉ុន្តែតែត្រូវទាហានថៃដេញបាញ់បណ្តាលឲ្យរងរបួស។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩.០០នាទី ព្រឹកថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចប៉ីេយទឹកភ្នែក ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ សីហានេះថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានឡើងឆ្លងដែនចូលទៅទឹកដីថៃ ដោយមានគ្នីគ្នាសរុបចំនួន៥នាក់ ដើម្បីដើររកបេះផ្កាអូគីដេ ប៉ុន្តែសំណាងមិនល្អ ជួបកម្លាំងទាហានថៃ ដេញបាញ់បណ្តាលឱ្យរងរបួសម្នាក់ ចំជើងស្តាំចំនួន១គ្រាប់ ក្រោយមកជនរងគ្រោះ បានខិតខំរត់គេចខ្លួនពួននៅក្នុងព្រៃ ពីការបាញ់ប្រហា របស់ទាហានថៃ។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង១៦.០០នាទី ថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ ក្រុមគ្រួសារ រួមនិងបងប្អូនជនរងគ្រោះនាំគ្នាសែងចុះពីលើភ្នំដងរ៉ែក មកកាន់មន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត ដើម្បីជួយសង្គ្រោះ ប៉ុន្តែដោយសារឈាមជនរងគ្រោះហូរអស់ច្រើនពេក ក៏សម្រេចបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ ដើម្បីជួយសង្គ្រោះបន្តផងដែរ។

ប្រភពពីសមត្ថកិច្ច ក៏បានបញ្ជាក់ឱ្យដឹងដែរថា ជនរងគ្រោះមានឈ្មោះ ឈិន ឡាង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិអូរក្សាន្ត ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ (រងរបួស) ដោយសារសមត្ថកិច្ចថៃបាញ់ត្រូវចំនួន១គ្រាប់ចំកំភួនជើងខាងស្តាំ៕សួនលីណា