បាត់ដំបង ៖ នៅក្នុងឆ្នាំ២០១៩នេះ ល្បែងភ្នាល់ទឹកភ្លៀងត្រូវបានគេឱ្យដឹងថា អ្នកដែលដេញថ្លៃគ្រប់គ្រងផ្ដាច់មុខ គឺបានទៅលើ លោក តាល់ ។
ដោយចំណាយលុយរត់ការឱ្យសមត្ថកិច្ចតូច-ធំគ្រប់លំដាប់ក្នុងខេត្តបាត់ដំបងនេះ មិនតិចម៉ឺនដុល្លារទេ ដើម្បីអាចដំណើរការ ចាក់ភ្នាល់បាន ហើយឥឡូវនេះ ល្បែងភ្នាល់ទឹកភ្លៀង បាននិង កំពុងចាប់ផ្ដើមភ្នាល់ចាក់ភ្លូកទឹកភ្លូកដី ចាប់តាំងពីដើម ខែមីនា រហូតមកដល់ខែសីហា ឆ្នាំ២០១៩នេះ មកម្ល៉េះ។
ប្រភពពីអ្នកលេងល្បែងភ្នាល់ទឹកភ្លៀងបានបង្ហេីបប្រាប់ថា លោក តាល់ មេបនល្បែងលេងភ្នាល់ទឹកភ្លៀងដ៏ធំនេះ ការភ្នាល់ទឹកភ្លៀងតាមទម្លាប់ គឺនៅដើមខែឧសភានោះទេ ប៉ុន្តែអ្វីដែលពួកគេចាប់ផ្ដើមដំណើរការតាំងពីខែមីនានោះ គឺជាការប្រមូលជើង ដើម្បីកុំឱ្យរត់ទៅលេងនៅទីកន្លែងផ្សេងតែប៉ុណ្ណោះ។in
ម្យ៉ាងវិញទៀតការបើកនេះគ្រាន់តែជាការ ប្រមូលប្រាក់ដើម្បីទូទាត់ឱ្យសមត្ថកិច្ច និងអាជ្ញាធរសម្រាប់ដោះស្រាយ ដែលចាប់ផ្ដើមពេញទី គឺក្នុង ខែឧសភា ឆ្នាំ២០១៩។
ជាការគេចពីភ្នែកសមត្ថកិច្ច ពួកអ្នកលេងភ្នាល់ទាំងអស់ គេប្រើភាសាម៉ូ ដូចជា មួយខាំ ស្មើ១០០ដុល្លារ , ១គីឡូស្មើ១០០០ដុល្លារ , មួយកៅស៊ូ ស្មើ១ ម៉ឺនដុល្លារ ហើយការចាក់ភ្នាល់ជាលុយនោះ គឺពួកគេដាក់ក្រដាស ដើម្បីស៊ីសង ប៉ុន្តែគេគោរពតម្លៃនោះ , ចំណែកអគារទីតាំងវិញ គឺមិនមានអគារណាមួយច្បាស់លាស់នោះ ដោយពួកគេចល័តទៅលេងលើអគារខ្ពស់ៗជាច្រើនអគារ , ប៉ុន្តែទីតាំងដែលជាគោលដៅ គឺស្ថិតនៅ ម្តុំខាងក្រោយផ្សារ ភូពុយ ឬ ខាងក្រោយវត្តទួលដូនប៉ុក ក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។
ដោយការប្រើរូបភាពបំភ័ន្ដភ្នែកបែបនេះ គឺក្រុមអ្នកលេងបានពពាក់ពពូនគ្នាលេងយ៉ាងសប្បាយ មិនខ្លាចសមត្ថកិច្ចចាប់ភស្ដុតាងបាននោះឡើយ។
អ្វីដែលឡូយទៀតនោះ ទាំងអ្នកចាក់ ទាំងអ្នកបោះមេ ប្រើសុទ្ធតែវិទ្យុទាក់ទងគ្នា និងបូករួមទាំងការចាយលុយ ទៅឱ្យមេសមត្ថកិច្ច មេអាជ្ញាធរ គ្រប់លំដាប់ទៀតនោះ គឺធ្វើឱ្យក្រុមអ្នកលេងល្បែងភ្នាល់ទឹកភ្លឿង និងមេទឹកភ្លៀងនេះ រឹតតែអស្ចារ្យជាងសមត្ថកិច្ចទៅទៀត។
មហាជន រិះគន់អាជ្ញាធរបាត់ដំបងថា ល្បែងភ្នាល់ទឹកភ្លៀងនេះ ក្រុមអ្នកលេងល្បែងភ្នាល់ចាក់ ចំនួនតាំងពី ១០០ ដុល្លារ រហូតដល់ទៅរាប់ម៉ឺនដុល្លារឯណោះ , អ្នកខ្លះចាញ់បោសគូទខោ ធ្លាក់ខ្លួនក្ររហាម ក្លាយជា អបាយជន ប្រព្រឹត្តិល្មើសក្នុងសង្គម ដូចជា ប្រើហិង្សាក្នុងគ្រួសារ ចោរឆក់ ប្លន់ ដែលធ្វើឱ្យសង្គមស្អប់ខ្ពើមជា ទីបំផុត សមត្ថកិច្ចមិនគួរណាបណ្ដែតបណ្ដោយបែបនេះសោះ៕