កំពង់ធំ៖ ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកអតីតយុទ្ធជន គឺជាអ្នកមានគុណបំណាច់ចំពោះជាតិ មាតុភូមិ ដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ បុព្វហេតុជាតិក្នុងសម័យសង្គ្រាមដើម្បីប្រជាជន និងបានរួមចំណែកធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការអភិវឌ្ឍ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងលោក រស់ ទី ប្រធានការិយាល័យហិរញ្ញវត្ថុ នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា បានអញ្ជើញបើកប្រាក់ធានារ៉ាប់រងសង្គមចំនួន ៨០.៧០៣.៣០០៛ ជូនគ្រួសារសព ចំនួន១២គ្រួសារ ដែលជាអតីតយុទ្ធជនបានមរណៈភាពកន្លងមកថ្មីៗនេះ ក្នុងនោះលោករស់ ទី បានបញ្ជាក់ថា ថវិកាធានារ៉ាប់រងសង្គមដែលគ្រួសារនិមួយៗ ទទួលបានគឺមិនស្មើគ្នាទេ ដោយយោងតាមឋានន្តរស័ក្ត ប្រភេទមុខសញ្ញា ពិការបាត់បង់សមត្ថភាពនិងសោធននិវត្តន៍ ការប្រគល់ថវិកានេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានកោតសរសើរចំពោះវីរៈភាពក្រុមគ្រួសារអតីតយុទ្ធជន និងបានសម្តែងការសោកស្ដាយ ចំពោះមរណទុក្ខ នៃការបាត់ស្វាមីបាត់បង់ឪពុកជាទីស្រឡាញ់នៃគ្រួសារអតីតយុទ្ធជន និងត្រូវបានយកចិត្តទុកដាក់ដោះស្រាយគ្រប់បែបយ៉ាងពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដូចជាការផ្ដល់ជូនប័ណ្ណបេឡាជាតិសន្តិសុខសង្គម (បសស) ដើម្បីបងប្អូនទៅព្យាបាលជម្ងឺនៅមន្ទីរពេទ្យរដ្ឋនានាដោយឥតគិតថ្លៃ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបន្តថា សម្តេចតេជោ បានសាងសង់ផ្ទះជូនបងប្អូនគ្រួសារអតីតយុទ្ធជន ដែលមានជម្រករស់នៅមិនសមរម្យ និងបើកប្រាក់បេឡាមរណៈសង្គ្រោះជូនគ្រួសារសព សម្រាប់ធ្វើបុណ្យ បានទាន់ពេលវេលា ដោយមិនឲ្យក្រុមគ្រួសារអតីតយុទ្ធជនមានការពិបាក ទៅរកថវិកាមកធ្វើបុណ្យនោះទេ មិនតែប៉ុណ្ណោះ ក៏មានការណែនាំចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម ទេសរដ្ឋមន្រ្តីគន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ឲ្យមើលថែរក្រុមគ្រួសារអតីតយុទ្ធជន ពិសេសជាងប្រជាជនធម្មតា ។
ក្នុងពិធីប្រគល់ថវិកា ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន បងប្អូនគ្រួសារអតីតយុទ្ធជនមានសេចក្ដីរំភើបចិត្តក្រោយពីបានទទួលបានប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាល ដែលបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបានគោរពថ្លែងអំណរគុណ សម្ដេចតេជោហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។
ដោយ ប៊ុន រដ្ឋា





































