ពន្លឿនការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធនៅខេត្តបន្ទាយមានជ័យដើម្បីផ្ដល់ប័ណ្ណជូនពលរដ្ឋ

0

បន្ទាយមានជ័យ៖  ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធនៅខេត្តបន្ទាយមានជ័យ រួមមានការប្រកាសតំបន់វិនិវ្ឆ័យ ការបញ្ចូល ទិន្នន័យ ការវាស់វែង ការគូររាងដី ចំនួនភូមិបិទផ្សាយ និងការចេញប័ណ្ណគឺបានលឿនដូចផែនការដាក់ចុះ ។ទិន្នន័យនេះបានអោយដឹងកាលពីថ្ងៃទី១៤ខែសីហា ខណ: មន្ទីរបានចុះផ្សព្វផ្សាយបន្ទាន់ពីអនុសាសន៍ណែនាំរបស់ឯ/ឧ ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋក្រសួងរៀបចំដែនដីនគរោបនីយកម្មនិងសំណង់លើការចុះបញ្ជីដីធ្លីឬធ្វើប្លង់ដីជូនពលរដ្ឋ ក៏ដូចជាម្ចាស់ក្បាលដីអោយកាន់តែរហ័ស ហើយមានប្រសិទ្ធិភាព ។
លោក ប្រាក់ ប៉ូលី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៤ខែ សីហាថា : ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធនៃកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីនៅខេត្តបន្ទាយមានជ័យ គឺអ្វីៗរួមមានការប្រកាសតំបន់វិនិច្ឆ័យថ្មី ផែនការមាន២២ ឯការអនុវត្តបាន២១ ឬស្មើនឹង៩១ភាគរយ ។
ការបញ្វូលទិន្នន័យ ការវាស់វែង ការគូររាងដី និងការចេញប័ណ្ណគឺបានជាង២០.០០០ លើផែនការ៤០.០០០ក្បាលដី ។ ពោលគឺបានល្បឿនលឿនបង្គរនៃផែនការដាក់ចុះ ។រីឯ ចំនួនភូមិបិទផ្សាយបានចំនួន២១ភូមិលើផែនការ២២ភូមិឬស្មើរ៩៥ ភាគរយនៃផែនការ ។ប៉ុន្តែលោកបានអោយដឹងថា :ចំពោះការចែកប័ណ្ណសម្គាល់អចលនវត្ថុវិញ គឺនៅយឺតដែលចាំបាច់ត្រូវកែតម្រូវនិងជម្រុញ ពោលគឺមកទល់ពេលនេះ ការចែកប័ណ្ណបានជាង១០.០០០ប័ណ្ណលើផែនការ៤០.០០០ប័ណ្ណបឬប្រមាណ៣០ភាគរយប៉ុណ្ណោះ ។
បញ្ហានេះ លោកប្រាក់ ប៉ូលី ក៏ដូចអនុប្រធានមន្ទិរទទួលបន្ទុកសុរិយោដីក៏ដូចប្រធានវាលនៃការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រេព័ន្ធបានពន្យល់ស្រដៀងគ្នាថា : មកពីការចែកកន្លងមក តម្រូវអោយធ្វើពីធីធំៗដើម្បីចែក ។ឬអោយម្ចាស់ក្បាលដីម្នាក់ មកទទួលប័ណ្ណដោយខ្លួនឯងនៅមន្ទីរតែម្តង។ម្យ៉ាងទៀត ក៏មកពីភាគច្រើននៃមន្ត្រីចុះបញ្ជីត្រូវបញ្ជូនទៅសម្រុកជួយការងារនៅវាល ។ទោះជាយ៉ាងណា មន្ត្រីជំនាញសុរិយោដីខេត្តនេះអះអាងថា: យោងអនុសាសន៍ឯ/ឧ ឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា ក៏ដូចមន្ត្រីថ្នាក់ដឺកនាំ មន្ត្រីបច្ចេកទេសពាក់ព័ន្ធនោះ. មន្ទិរនឹងប្តូរយុទ្ធសាស្ត្រមកចែកប័ណ្ណក្នុងចំនួនរាយៗដល់ម្ចាស់ក្បាលដីនៅនឹងគោលដៅវាលតែម្តង មិនចាំបាច់ទាល់តែមានពិធីធំៗនោះឡើយ។
សូមរំលឹកថា ប្រធាន អនុប្រធានមន្ទិរនិងមន្ត្រីគម្រោងបានចុះទៅផ្សព្វផ្សាយដូច្នេះទៅជួបប្រជុំជាមួយប្រធានការិយាល័យរៀបចំដែនដី នគរោបនីយកម្ម សំណង់និងភូមិបាលនិងជាប្រធានវាល អនុប្រធានវាលនិងមន្ត្រីនៃក្រុមការងារវាស់វែងដីធ្លីនៃកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីទាំង៥ក្រុមដែលបាននឹងកំពុងមមាញឹកវាស់វែងដីធ្លីជូនពលរដ្ឋ និងគ្រប់ស្ថាប័នឯកជន រដ្ឋដើម្បីចេញវិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុនៅក្រុងសិរីសោភ័ណ ស្រុកព្រះនេត្រព្រះ ភ្នំស្រុក មង្គលបូរីនិងក្រុងប៉ោយប៉ែត។
លោកប្រាក់ ប៉ូលី បានបន្ថែមថា ដូច្នេះ មន្ត្រីវាលត្រូវបន្តបំពេញតួនាទី ភារកិច្ចអោយសកម្ម ស្វាហាប់និងប្រកបដោយ ការទទួលខុសត្រូវ ហើយសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចនិងប្រជាពលរដ្ឋនិងម្ចាស់ក្បាលដីឯកជននិងរដ្ឋ ដើម្បីបានលទ្ធផលល្អនិងលឿនដូចផែនការ ៕ដោយ៖ឃិន គន្ធា