កុមារាអាយុ៦ឆ្នាំម្នាក់បានស្លាប់ដោយសារលង់ទឹកស្រះ!

0

ព្រះវិហារ: កាលពីវេលាម៉ោង១.៣០នាទី រសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ មានក្មេងប្រុសតូចៗចំនួន៧នាក់ បាននាំគ្នាទៅលេងទឹកស្រះក្រោយផ្ទះប្រមាណជាង១០០ម៉ែត្រ បណ្តាលឱ្យក្មេងប្រុសម្នាក់លង់ទឹកស្លាប់ ស្ថិតនៅក្នុងភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ប្រភពពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងតាមទូរស័ព្ទថា នៅមុនពេលកើតហេតុ លោកយាយ ទឹម សុភាព គាត់គឺជាមន្រ្តីស្ម័គ្រចិត្តភូមិម្នាក់ ត្រូវបានអង្គការអាត្រា ហៅឡើងទៅប្រជុំ នៅឯស្រុកជាំក្សាន្ត។ ហើយនៅមុនពេលលោកយាយចេញទៅ កុមារារងគ្រោះ បានស្នាក់នៅផ្ទះជាមួយបងប្អូន រួមនិងអ៊ុស្រីម្នាក់ ដែលស្ថិតនៅក្នុងភូមិសាស្ត្រខាងលើ។

ប្រភពដដែលបានបន្តថា ករណីនេះបានភ្ញាក់ផ្អើលឡើងក្រោយពីទទួលបានសេចក្តីរាយការណ៍ពីក្មេងតូចៗ ដែលចុះលេងទឹកស្រះនោះជាមួយគ្នា រត់មករកប្រាប់ជីដូន ហើយក៏មានការភ្ញាក់ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន នាំគ្នាចុះស្រវារាវរកសពកុមារារងគ្រោះ ឡើងពីក្នុងទឹក ដើម្បីធ្វើការជួយសង្គ្រោះដែរ ប៉ុន្តែជាអកុសលកុមារាបានផុតដង្ហើមតាំងពីនៅក្នុងទឹកនោះបាត់ទៅហើយ។

លោកមេភូមិ ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា កុមារារងគ្រោះមានឈ្មោះ ឆាយ មករា ភេទប្រុស អាយុ៦ឆ្នាំ រស់នៅក្នុងបន្ទុកជាមួយជីដូន ក្រោយពេលដែលឳពុកម្តាយលែងលះគ្នា មានទីលំភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកវរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានឱ្យដឹងដែរថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានភ្លាម ថាមានករណីក្មេងលង់ទឹកស្រះស្លាប់ លោកបានបញ្ជាទៅផ្នែកផែនព្រហ្មទណ្ឌស្រុក ដឹកនាំកម្លាំងជំនាញដោយលោក ញ៉ែម សុភាព ចុះធ្វើការត្រួតពិនិត្យ និងធ្វើកោសលវិច្ច័យលើសពកុមារារងគ្រោះ ដោយរកពុំឃើញមានអ្វីផ្សេង ក្រៅពីករណីលង់ទឹកស្លាប់ ក៏បានប្រគល់សពជូនគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕សួនលីណា