កំពង់ធំ÷ នៅរសៀលថ្ងៃទី ១៧ខែសីហាឆ្នាំ ២០១៩ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អមដំណើរដោយលោកស្នងការខេត្ត
និងលោកអភិបាលក្រុងស្ទឹងសែន បានអញ្ជើញចុះពិនិត្យគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមួយគ្រាប់ ប្រភេទ mk82របស់សហរដ្ឋអាមេរិក ដែលសល់ពីសម័យសង្គ្រាមលន់ នល់ ដែលប្រជាពលរដ្ឋបានប្រទះឃើញ នៅមាត់ស្ទឹងក្នុងភូមិប្រម៉ាត់ដី ឃុំស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា គ្រាប់ mk82 មួយគ្រាប់នេះ ជាស្នាដៃរបស់សហរដ្ឋអាមេរិកដែលបានទម្លាក់កាលពីសម័យសង្គ្រាម លន់ នល់ ក្នុងអំឡុងឆ្នាំ 1970 – 1975។ ហើយនៅក្នុងសម័យកាលនោះដែរ ប្រជាពលរដ្ឋរស់នៅក្នុងភាពលំបាកវេទនាយ៉ាងខ្លាំង ដោយត្រូវរងនូវការធ្វើសឹកសង្រ្គាម ការទម្លាក់គ្រាប់បែក ការបាញ់ផ្លោង ការបាញ់រះ ការបាញ់ផ្តក់រវាងភាគីជម្លោះកម្ពុជាបានធ្វើអោយប្រជាជននាំគ្នាភៀសខ្លួនស្វែងរកទីសុវត្ថិភាព។ ប្រជាជនរងទុក្ខលំបាកវេទនា និង កំសត់ទុរគត ព្រោះខ្វះស្បៀង អ្នកស្រែចំការដែលឃ្លាតពីភូមិស្រុកបាត់បង់មុខរបរ គ្មានការងារធ្វើ ព្រាត់ប្រាស់គ្រួសារ ។ សង្គ្រាមបានបន្សល់ទុកនូវស្ត្រីមេម៉ាយក្មេងកំព្រា អ្នកមានជំងឺ អ្នករបួស ជន ពិការជាច្រើនសែននាក់។
ឯកឧត្តមក៏បានបន្តទៀតថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ គឺប្រទេសកម្ពុជាយើងមានសុខសន្តិភាពល្អណាស់ ។ ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋ បន្តការគាំទ្រដល់សម្ដេចដើម្បីដឹកនាំប្រទេសជាបន្តទៅទៀត។
ក្រុមមន្ត្រីស៊ីម៉ាក់ បានបញ្ជាក់ផងដែរថាគ្រាប់ mk82 នេះ ជាផលិតផលរបស់សហរដ្ឋអាមេរិក ដែលត្រូវបានយន្តហោះទម្លាក់ កាលនៅក្នុងអំឡុងឆ្នាំ 1970 – 1975 ជាសម័យសង្គ្រាមក្នុងការដឹកនាំ ធ្វើរដ្ឋប្រហារដោយលោករដ្ឋមន្ត្រី លន់ នល់។ហើយគ្រាប់នេះផងដែរមាន ដែលមានប្រវែង 1500 មីលីម៉ែត្រ ទម្ងន់ ២២៧គីឡូក្រាម ។ ក្នុងករណីគ្រាប់នេះផ្ទុះ វាអាចមានវិសាលភាព សម្លាប់ជីវិតដែលនៅជុំវិញប្រវែងប្រហែល ២០០ម៉ែត្រ។ ហើយសម្រាប់ចំងាយសុវត្ថិភាព គឺចន្លោះពី ៨០០ម៉ែត្រ ទៅ ១៥០០ម៉ែត្រ ។ ហើយក្រុមស៊ីម៉ាក់និងបន្តធ្វើការរុករក គ្រាប់ប្រភេទនេះបន្តទៀតនៅក្នុងភូមិសាស្ត្រនេះផងដែរ។ ព្រោះតាមការសន្និដ្ឋានគឺអាចនឹងមាន គ្រាប់បន្សល់ទុកនៅក្នុងដីបន្ថែមទៀត។ ហើយមូលហេតុដែលគ្រាប់នេះមិនផ្ទុះនៅក្នុងការសម័យការដែលទម្លាក់គ្រាប់នោះ គឺប្រហែលមកពីអ្នកបើកបរបានចុចបញ្ជាមិនឲ្យផ្ទុះ ឬ មកពីកម្លាំងធ្លាក់មិនទាន់ដល់កម្រិតអាចឲ្យគ្រាប់ផ្ទុះបាន។
តាមប្រភពប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់កាលពីថ្ងៃទី ១៦ខែសីហាឆ្នាំ ២០១៩ ក្នុងពេលដែលគាត់កំពុងតែបង់សំណាញ់នៅក្នុងស្ទឹង។ ពេលនោះគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងដោយមិនហ៊ានស្នាក់នៅក្នុងផ្ទះរបស់គាត់ទេហើយគាត់ក៏ធ្វើការរាយការណ៍ទៅកាន់សមត្ថកិច្ចភ្លាមៗផងដែរ។ ប្រជាពលរដ្ឋបានសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធនិងសមត្ថកិច្ចឬអង្គការស៊ីម៉ាក់ធ្វើការបន្តរុករកគ្រាប់ដែលនៅសេសសល់នៅក្នុងភូមិសាស្ត្ររបស់ពួកគាត់រស់នៅដើម្បីសុខសុវត្ថិភាពរបស់ពួកគាត់ប្រកបមុខរបរប្រចាំថ្ងៃផងដែរ ៕





































