សៀមរាប៖ លិខិតអាជ្ញាធរអប្សរាលេខ ៨៣២/១៩ លសសអតឆ ចុះថ្ងៃទីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ បានជូនដំណឹងដល់លោកជំទាវ លី អ៊ុំអេង ឲ្យធ្វើការរុះរើជាបន្ទាន់ នូវការិយាល័យសម្រាប់លក់ដីឡូត៍ ក្នុងរយៈពេល០៣ថ្ងៃជាកំហិតដោយគ្មាន លក្ខខ័ណ្ឌ ស្ថិតនៅចំណុចផ្លូវ៦០ម៉ែត្រក្នុងសង្កាត់ភូមិធ្លកអណ្តូងស្លក្រាម ក្រុងសៀមរាប ចេញដោយ លោកហង់-ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដោយក្នុងលិខិតបានបញ្ជាក់ថា សម្ភារៈសំណង់របស់លោកជំទាវ លី អ៊ុំអេង ជាសាងសង់ដោយខុសច្បាប់ជាដីកម្មសិទ្ធិឯកជនរបស់រដ្ឋគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ។
លោកជំទាវ លី អ៊ុំអេង បានទទូចសុំក្តីមេត្តាករុណា ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយរកភាពយុត្តិធម៌ជូនគាត់ផង ដោយលោកជំទាវ បានបញ្ជាក់ថា ការសាងសង់ការិយាល័យ គឺត្រូវបានសាងសង់ នៅលើដីកម្មសិទ្ធិស្របច្បាប់ដែលមានឯកសារគ្រប់គ្រាន់ តែអាជ្ញាធរជាតិអប្សរា មិនទាន់បានដោះស្រាយគោលនយោបាយរួចហើយ ឲ្យលុយលោកស្រីសុំម្បីតែមួយ១០០ខ្មែរនៅឡើយទេ និងសុំឲ្យលោក ហង្ស ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាខេត្តសៀមរាប មេត្តាជួយពិនិត្យពិចារណាឯកសារ ដើម្បីផ្តល់ភាពយុត្តិធម៌ជូនគាត់ផង ។លោកជំទាវ លី អ៊ុំអេង បានសុំការយោគយល់ពីសំណាក់ អាជ្ញាធរខេត្តសៀមរាប និង អាជ្ញាធរជាតិអប្សរា រួមទាំងស្ថាប័នពាក់ព័ន្ឋថា សុំឲ្យជួយពន្យាពេលមួយរយះ ដោយមានការសម្រេចក្តីពីតុលាការជាមុនសិន បើសិនជាតុលាការកាត់ឲ្យចាញ លោកជំទាវនិងរុះរើដោយគ្មានការតវ៉ា តែបើសិនជា តុលាការកាត់ក្តីឲ្យឈ្នះ អាជ្ញាធរអប្សរា ត្រូវរុះរើសំណង់ដែលបានសាងសង់លើដី របស់លោកជំទាវវិញដែរ ការលើកឡើងបែបនេះ ក៏ដោយសារតែ លោកជំទាវមានប័ណ្ណប្លង់រ៉ឹង និងឯកសារជាច្រើន រួមទាំងអតីតអភិបាលខេត្តសៀមរាប រួមទាំងអ្នកមុខអ្នកការបានដឹងច្បាស់ថា ក្រុមគ្រួសារលោកស្រីមានដីនៅកន្លែងមានបញ្ហានេះ ។លោកជំទាវ លី អ៊ុំអេង បានសុំឲ្យលោក អគ្គនាយកអាជ្ញាធរជាតិអប្សរា ពិនិត្យលើរបាយការណ៍ ថាបានដោះស្រាយគោលនយោបាយលើក្បាលដីរបស់លោក ជំទាវរួចហើយ តែធាតុពិតគឺពុំទាន់បានដោះស្រាយដូច របាយលការណ៍នោះឡើយ តែបើតុលាការរកឃើញឯកសារ ឬស្នាមមេដៃណាមួយ បញ្ជាក់ថាលោកជំទាវពិតជាបានទទួលលុយគោលនយោបាយមែននោះ លោកជំទាវសន្យាថា នឹងដើរចូលគុគដោយខ្លួនឯង ហើយម្យ៉ាងវិញទៀតរឿងរ៉ាវដីធ្លីនេះ លោកជំទាវបានដាក់បណ្តឹងទៅសាលាដំបូងខេត្តសៀមរាប សាលាដំបូងក៏បានចេញដីការក្សាការពារដែរ ឥឡូវសំណុំរឿងឡើងដល់សាលាឧទ្ធរណ៍ហើយតែមិនទាន់មានសេចក្តីសម្រេចឡើយ ឯខាងក្រសួងយុត្តិធម៌ក៏បានចេញដីការការពារផងដែរ។
លោកជំទាវ លី អ៊ុំអេង បន្តថា លោកស្រីមានឯកសារគ្រប់គ្រាន់ដូចជា ប្លង់ដី លិខិតទិញលក់ និងឯកសារទទួលស្គាល់ពីអាជ្ញាធរពាក់ព័ន្ធជាច្រើនទៀត ក្នុងការតតាំងក្តីនៅតុលាការជាមួយអាជ្ញាធរជាតិអប្សរា លោកជំទាវបន្ថែមថា សុំខាងអាជ្ញាធរជាតិអប្សរា មានការអត់ធ្មត់បន្តិច រងចាំតុលាការនៅប្រទេសកម្ពុជាសម្រេចសិនថា តើអ្នកណាឈ្នះអ្នកណាចាញ់ កុំទាន់មករុះរើស្នាក់ការរបស់គាត់ ព្រោះស្នាក់ការនេះមិនរត់ទៅណាទេ។
ជាចុងក្រោយលោកជំទាវ លី អ៊ុំអេង លើកដៃសំពះទៅលោក ហង្ស ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ជំទាវ ភឿង សកណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមអោយអាជ្ញាធរជាតិអប្សរា មេត្តាកុំទាន់រុះរើការិយាល័យ និងសុំផ្តល់ដីអោយមកលោកជំទាវវិញផង ព្រោះដីទាំងនេះជាដីកម្មសិទ្ធិស្របច្បាប់របស់លោកជំទាវដែលបានទិញជាយូរឆ្នាំណាស់មកហើយ។
អ្នកសារព័ត៏មានពុំអាចសុំការបកស្រាយពីលោក ហង្ស ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទេនៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ ព្រោះគ្មានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង យើងខ្ញុំរងចាំទទួលការបកស្រាយពីលោកគ្រប់ម៉ោងធ្វើការ៕ ប៊ុន រដ្ឋា