សៀមរាប: នាយដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា សហការជាមួយកម្មវិធីប្រព័ន្ធគ្រប់
គ្រងបរិស្ថានអង្ករ ISO14001 2015 រៀបចំកម្មវិធីអប់រំបរិស្ថានដើម្បីផ្សព្វផ្សាយ និងអប់រំផ្នែកបរិស្ថានដល់ពលករជួសជុលប្រាសាទ និងពលករសម្អាតក្នុងរមណីយដ្ឋានអង្គរ ៣គោលដៅដែលកំពុងប្រចាំការនៅវង់តូច វង់ធំ និងតំបន់រលួស សរុបប្រមាណ១៦០នាក់។
កម្មវិធីនេះធ្វើឡើងដើម្បីផ្សព្វផ្សាយគោលនយោបាយបរិស្ថាន បង្កើនការយល់ដឹងផ្នែកបរិស្ថាន ជំរុញការចូលរួម ជំរុញការផ្សព្វផ្សាយ ជួយថែរក្សាបរិស្ថាន និងណែនាំដល់អ្នកលក់ដូរ និងភ្ញៀវទេសចរខ្មែរ ឱ្យកាន់តែទទួលបានទូលំទូលាយបន្ថែមទៀត។
ដោយឡែកកម្មវិធីនេះបានផ្តោតលើចំណុចសំខាន់ៗ៩ចំណុច រួមមាន៖ ១)គោលនយោបាយបរិស្ថាន ២)តួនាទី និងការទទួលខុសត្រូវរបស់នាយកដ្ឋាន និងផែនការសកម្មភាពបរិស្ថាន ៣)បញ្ហាសំរាម និងបញ្ហាប្រឈម ៤)អង្គរជារមណីយដ្ឋានគ្មានផ្សែងបារី ៥)បំរាមចំពោះការប្រើប្រាស់ថង់ផ្លាស្ទិច ៦)បំរាមចំពោះការសេពគ្រឿងស្រវឹងគ្រប់ប្រភេទ និងអាហារក្នុងទីប្រាសាទ ៧)បំរាមចំពោះការក្រាលកន្ទេល និងអង្រឹងនៅកសិន្ធុអង្គរ ៨)ក្រមប្រតិបត្តិអង្គរ ៩)ការសម្លឹងមើល និងវាយតម្លៃពីមជ្ឈដ្ឋានខាងក្រៅចំពោះអង្គរ។
កម្មវិធីអប់រំបរិស្ថាននេះមានរយៈពេល៣ថ្ងៃ នៅទីតាំងខុសៗគ្នា ដោយថ្ងៃទី១ធ្វើនៅអង្គរវត្ត ត្រូវនឹងថ្ងៃទី១២ ថ្ងៃទី២ នៅភិមានអាកាសនា ត្រូវនឹងថ្ងៃទី១៥ និងថ្ងៃទី៣នៅប្រាសាទព្រះគោ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។ មួយផ្នែកនៃកម្មវិធីក៏មានសំណួរចម្លើយរវាងវាគ្មិន និងអ្នកចូលរួមទាំងអស់ពីបញ្ហាផ្សេងៗពាក់ព័ន្ធនឹងបរិស្ថាន ធ្វើឱ្យវគ្គបណ្តុះបណ្តាលកាន់តែអាចស្វែងយល់បានមួយកម្រិតទៀត៕




































