ខេត្តកំពង់ធំ៖ យុវជនម្នាក់ត្រូវបានជាប់ចោទជាជនសង្ស័យ ក្នុងករណីលបលួចទូរស័ព្ទដៃរបស់ ស្រីម្នាក់ នៅ យប់ថ្ងៃទី ២០ ខែសីហាឆ្នាំ ២០១៩ វេលាម៉ោង១២យប់ នៅចំណុចក្នុងមន្ទីរពេទ្យបង្អែក ខេត្តកំពង់ធំ ស្ថិតនៅភូមិទី ៧សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
តាមការឲ្យដឹងពីជនរងគ្រោះ ឈ្មោះម៉ៅ ណាន ភេទស្រី អាយុ 36 ឆ្នាំ រស់នៅភូមិស្រយ៉ូវត្បូង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានដាក់ពាក្យបណ្តឹងទៅប៉ុស្ត៍រដ្ឋបាលសង្កាត់កំពង់ធំ ដោយបានចោទប្រកាន់ លើយុវជន ឈ្មោះយ៉ាន ចំណាប់ ភេទប្រុសអាយុ ១៩ ឆ្នាំមុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិសូជ័យ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ពីបទលួចទូរស័ព្ទ និងប្រាក់ នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តកំពង់ធំ។
ក្រោយពីសមត្ថកិច្ចបានទទួលពាក្យបណ្តឹង វរសេនីយ៍ត្រី វ៉ាន់ វិបុល អធិការរងក្រុងស្ទឹងសែន បានដាក់កម្លាំងល្បាត ក៏បានប្រទះឃើញជនសង្ស័យឈ្មោះយ៉ាន ចំណាប់ ដែលជាមុខសញ្ញាតាមពាក្យបណ្តឹង ក៏បានឃាត់ខ្លួននៅថ្ងៃទី ២១ ខែសីហាឆ្នាំ ២០១៩ រួមជាមួយនឹង វត្ថុតាងដែលរឹបអូសបានពីជនសង្ស័យ មានទូរស័ព្ទមួយគ្រឿង ម៉ាកអូប៉ូ ពណ៌សលាយទឹកប្រាក់ គុណភាព បែកខូចប្រើមិនកើត ដោយសារតែជនសង្ស័យបានបោកបំបែកចោល ដើម្បីបំបាត់ភស្តុតាង ។ដោយ ប៊ុន រដ្ឋា 




































