ពលរដ្ឋ​ក្នុង​ស្រុក​ចំការ​លើ​ អបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាល​ ដែល​បាន​ផ្តល់​ផ្លូវ​កៅស៊ូ​១ខ្សែ​ ប្រវែង​១២គីឡូម៉ែត្រ​

0

កំពង់ចាម​:​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​​ អភិបាលខេត្ត​កំពង់ចាម​​ បាន​ថ្លែង​ថា ផ្លូវ១ខ្សែនេះ​ ជា​សមិទ្ធផល​ថ្មី​មួយ​ទៀត​ ដែល​អាជ្ញាធរ​យើង​បាន​ធ្វេី​សំណេីរ​ទៅ​រាជរដ្ឋាភិបាល​ តាម​ការ​ស្នើសុំ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ហេីយ​ផ្លូវ​១ខ្សែ​នេះនឹង​លេច​ចេញ​ជា​រូបរាង​ឡើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ​សម្រាប់បម្រើផលប្រយោជន៍រួម​ ទន្ទឹម​គ្នា​នេះ​នៅពេលដែលទទួលបានផ្លូវ១ខ្សែនេះហើយ សូម​ឲ្យ​មានការចូលរួមថែរក្សាឲ្យបានគង់វង្សផង​ ព្រោះវាជា​ទ្រព្យសម្បត្តិ​រួម​ ដែល​ប្រជាពលរដ្ឋ​ទាំង​ក្នុង​ និង​ក្រៅ​តំបន់​ ​ក៏​អាច​ប្រើប្រាស់​បាន​ដូច​គ្នា​។ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​ដែល​ឯកឧត្តម​បាន​អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ​១ខ្សែ​ ប្រវែង១២គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៧១ ស្ថិត​ក្នុង​ភូមិតាអុង ឆ្ពោះទៅភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានិត នាយករង ខុទ្ទការល័យ​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​ចំការ​លើ​ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​​ ឯកឧត្តម​អភិបាលខេត្ត​ ក៏បានសំណូមពរ និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ ដែលរស់នៅតាមបណ្តោយផ្លូវកំពុងបើកការដ្ឋាន​ស្ថាបនា​នៅថ្ងៃនេះ សូមមានការយោគយល់និងអធ្យាស្រ័យ ចូលរួមសហការជាមួយក្រុមការងារ​ បើមានការប៉ះពាល់ដល់ការសាងសង់ផ្លូវ​ ដោយ​ការ​ស្ទះ​ចរាចរណ៍​ ក៏ដូចជាការត្រួសត្រាយកាប់ដើមឈើ ឬប៉ះទៅលើរបងផ្ទះរបស់បងប្អូនជាដើម។​ ជាមួយ​គ្នា​នោះ​ ឯកឧត្តម​អភិបាលខេត្ដ​ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ រួមគ្នាថែរក្សាសុខសន្តិភាពដែលមានស្រាប់​ និងមិនត្រូវជឿឧបាយកលណាមួយដែលនាំមកនូវអថិរភាពដល់សន្តិសុខសង្គម​ ហើយបងប្អូនត្រូវបន្តចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងគោរពច្បាប់ចរាចរទាំងអស់គ្នា​ផងដែរ​ ៕