ឯកឧត្តម ណុប ចាន់ណារិន្ទ ដឹកនាំគណៈប្រតិភូចុះពិនិត្យទ្រព្យសម្បត្តិរដ្ឋ នៅតាមស្ថាប័ននានា ដើម្បីរួមគ្នាថែរក្សាទ្រព្យសម្បត្តិរបស់រដ្ឋឲ្យបានល្អ និងប្រើប្រាស់យូរអង្វែង

0

ភ្នំពេញ គណៈប្រតិភូតាមដានការអនុវត្តច្បាប់ នៃអគ្គនាយកដ្ឋានអធិការកិច្ច នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច កំពុងបន្តចុះតាមដាន ត្រួតពិនិត្យស្តីពីវិធាន និងនីតិវិធី នៃការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ។

ឯកឧត្តម ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិការ និងជាអ្នកទទួលការងារតាមដានការអនុវត្តច្បាប់ ក្នុងនាមតំណាងឯកឧត្តម រដ្ឋលេខាធិការ ថាច់ ឃន និងលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ថាៈ កិច្ចការតាមដានការនុវត្តច្បាប់ យើងត្រូវធ្វើដូចជាភ្លៀងរលឹម ព្រោះជាផ្នែកមួយនៃការងារអធិការកិច្ច ដែលត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដើម្បីបង្ការទប់ស្កាត់ កែលំអ និងមានវិធានការ ប្រឆាំងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា ។

ឯកឧត្តម ណុប ចាន់ណារិន្ទ បន្តថា បច្ចុប្បន្នមន្ត្រីចំណុះឲ្យអគ្គនាយកដ្ឋានអធិការកិច្ច ក្រោមការចង្អុលបង្ហាញពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានរៀបចំចាត់តាំងគណៈប្រតិភូឲ្យចុះពិនិត្យទ្រព្យសម្បត្តិរដ្ឋនៅតាមស្ថាប័នរដ្ឋនានា ដើម្បីឲ្យបណ្តាស្ថាប័នរដ្ឋទាងអស់ចេះថែរក្សាទ្រព្យសម្បត្តិរដ្ឋឲ្យបានល្អ ប្រើប្រាស់យូរអង្វែង ពិសេសដើម្បីរួមចំណែក លើកកំពស់អភិបាលកិច្ចល្អ ជំរុញកែលំអ អនុវត្តភារកិច្ចឲ្យបានស្របច្បាប់ ។

ឯកឧត្តម ណុប ចាន់ណារិន្ទ បានថ្លែងអំណរគុណចំពោះអគ្គនាយកដ្ឋាន ទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើភណ្ឌ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានសហការជាមួយប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តឲ្យបានប្រសិទ្ធិភាពនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ៕