វិស័យសាសនាផ្សារភ្ជាប់វិស័យកសិកម្ម និង ទេសចរណ៍

0

សៀមរាប=នៅរសៀលថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០១៩ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តយាងដឹកនាំប្រតិភូ អ្នកវិនិយោគ ផ្នែកវិស័យសាសនា បានចុះពិនិត្យមើលនូវទីតាំងគម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលវប្បធម៌សន្តិភាព ស្ថិតនៅទំនប់៧៨ ក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប ។
តាមការបញ្ជាក់របស់លោក ក្តោប រ៉ន ចៅសង្កាត់ជ្រាវ បានឲ្យដឹងថា ផ្ទៃដីដែលគម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលវប្បធម៌សន្តិភាព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស រួមទាំងអាងបារាយណ៍ ក្នុងការបម្រើដល់ផលប្រយោជន៍របស់បងប្អូនប្រជាកសិករ ក្នុងសង្កាត់ជ្រាវ និង បណ្តាឃុំជាប់ជាមួយលើការងារបង្កបង្កើនផល ទាំងប្រាំង វស្សាដែលមានផ្ទៃដី ២៨៨ហិចតា ។ លោកក៏បានឲ្យដឹងទៀតថា ក្នុងការជីកធ្វើបារាយណ៍ ដើមី្បស្តុបទឹកធ្វើការងារបង្កបង្កើនផល គឺមានវិសារភាពក្នុងការស្រោចស្រពលើផ្ទៃដីស្រែ ទាំងប្រាំង វស្សាបានជាង២០០ហិចតា និងក្រៅពីជីកធ្វើបារាយណ៍ យើងក៏មានធ្វើការរៀបចំធ្វើ តំបន់អភិវឌ្ឍន៍បម្រើដល់វិស័យសាសនា ទេសចរណ៍ និង សាលាបណ្តុះបណ្តាលចំណេះទូទៅ រួមទាំងសាលាចន្លាក់ សារមន្ទីរកសិកម្ម និង សារមន្ទីរសាលភាជន៍ និង ផ្សារទៀតផង ។
ក្នុងអង្គដិកានោះដែរសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស មានព្រះបន្ទូលថា បច្ចុប្បន្ន នេះបានរៀបចំដំណើរការ ដោយមានការជីកធ្វើអាងបារាយណ៍ ដើមី្បជាទីកន្លែងតំកល់ទឹកសម្រាប់ប្រើប្រាស់ការងារបង្កបង្កើនផល របស់បងប្អូនប្រជាកសិករក្នុងសង្កាត់ជ្រាវ និង ឃុំជិតខាងផងដែរ ។ ម៉្យាងទៀតគម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលវប្បធម៌សន្តិភាព គឺត្រូវផ្សាភ្ជាប់វិស័យសាសនា និង វិស័យកសិកម្ម ទេសចរណ៍ ។ ក្នុងនោះសម្តេចក៏បានមានបន្ទួលបញ្ជាក់ដល់អ្នក វិនិយោគ ដោយបានលើកឡើងថា ដោយយោងទៅតាមគម្រោងប្លង់លម្អិត នូវគម្រោងអភិវឌ្ឍន៍ ប្លង់មេមជ្ឈមណ្ឌលវប្បធម៌សន្តិភាព គឺត្រូវផ្តល់ឲ្យ១វត្តផ្ទៃដី១ហិចតា ។ ក្នុងនោះអ្នកវិនិយោគនៃប្រទេសវៀតណាម និងនាំយកនូវរូបបដិមាករ ដែល មានកម្ពស់៤០ម៉ែត្រ មានទម្ងន់៤០តោនធ្វើអំពីថ្ម ដាក់នៅតាមទីតាំងដែលបានកំណត់ ព្រមទាំងមានការបង្កើតនូវសាលារៀន ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់ឧត្តមសិក្សា និង មានទីផ្សារ សណ្ឋាគារ និង មន្ទីរពេទ្យទៀតផង ។ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ក៏បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា គម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលវប្បធម៌សន្តិភាពនេះ មិនបានបម្រើដល់បុគ្គលណាឡើង គឺដើមី្បបម្រើជាតិ និង សាសនា ក្នុងគុណប្រយោជន៍ជាតិទាំងមូល ។ ក្នុងនោះដែរសម្តេចក៏បានមានបន្ទូលណែនាំដល់លោកចៅសង្កាត់ ក៏ដូចអ្នកកាន់គម្រោង ត្រូវធ្វើយ៉ាងណាត្រូវតែមានប្រព័ន្ធស្រោចស្រព ក្នុងការ ផ្គត់ផ្គង់ទឹកស្រោចស្រពដល់ស្រែរបស់ប្រជាកសិករ ដោយតំបន់សង្កាត់ជ្រាវនេះ បានកំពុងក្លាយជាតំបន់កសិទេសចរណ៍ ដែលជាទីកន្លែងផលិតបន្លែបង្កាគ្មានជាតិគីមី ក្នុងការផ្គត់ផ្គង់នៅក្នុងទីផ្សារក្រុងសៀមរាប តាមសណ្ឋាគារ ភោជនីយ៍ដ្ឋាន ក្រៅពីការងារបង្កបង្កើនផល ក្នុងការលើកស្ទួយនូវជីវភាពប្រជាពលរដ្ឋក្នុងសង្កាត់ជ្រាវ ក៏ដូចបណ្តាសង្កាត់ ឃុំជិតខាងផងដែរ ។ ដោយកត្តាទាំងនេះហើយដែលបានធ្វើឲ្យ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បង្កើតគម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលវប្បធម៌សន្តិភាពឡើងនៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប នៃដែនកំណើតរបស់សម្តេច ។ ក្នុងនោះសម្តេចក៏បានអំពាវនាវដល់ជនរួមជាតិ ពុទ្ធបរិស័ទទាំងក្នុង និង ក្រៅប្រទេស ចូលរួមជាបច្ច័យ ក្នុងកិច្ចអភិវឌ្ឍន៍ មជ្ឈមណ្ឌលវប្បធម៌សន្តិភាព ក្នុងគុណប្រយោជន៍ដល់ប្រទេសជាតិកម្ពុជាយើង ៕ ប៊ុនរិទ្ធី​