អកំពង់ចាម: ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា យេីងត្រូវរៀនឲ្យចេះ មិនមែនរៀនឲ្យគ្រាន់តែជាប់នោះទេ ព្រោះបើជាប់ហើយយេីងក៏អាចភ្លេចវិញបាន ដេីម្បីឲ្យក្លាយទៅជាអ្នកពូកែ និងមានជំនាញពិតប្រាកដនោះ មានចំណុចពិសេស៣យ៉ាង ដែលក្មួយៗត្រូវអនុវត្ត ទី១ គឺ ការគោរពវិន័យខ្លួនឯង ទី២ ការគោរពវិន័យសាលា និងទី៣ ការមានមិត្តភ័ក្ដិល្អ ។ ដូច្នេះបើក្មួយៗអនុវត្តទាំង៣ចំណុចនេះបាន គឺជីវិតយើងនឹងឈានទៅរកភាពជោគជ័យមិនខាន ។
ការថ្លែងយ៉ាងដូច្នេះក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូសម្ពាធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា១ខ្នង មាន៥បន្ទប់ នៃសាលាបឋមសិក្សាកណ្ដាលកោះត្បូង ស្ថិតក្នុងភូមិទី៥ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចវិបុលសេនាភក្ដិ សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើនរូបផងដែរ។
បន្ទាប់ពីនាំមកដោយសេចក្ដីនឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចវិបុលសេនាភក្ដិ សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋហេីយនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការប្រៀបធៀបអំពីភាពរីកចម្រើនធនធានមនុស្សរបស់បច្ចឹមប្រទេស ហេីយក៏លេីកទឹកចិត្តដល់ក្មួយៗយុវសិស្សឲ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដេីម្បីយកចំណេះដឹងពិតប្រាកដផងដែរ។
ដោយឯកឧត្ដមរដ្ឋមន្ត្រី បានបញ្ជាក់ថា យើងមិនត្រឹមរៀនដើម្បីយកតែសញ្ញាប័ត្រនោះទេ គឺត្រូវរៀនយកសញ្ញាឃើញផង ជំហានដំបូងគឺត្រូវអនុវត្តចំណុចទាំង៣ខាងលើឲ្យបាន ទី១ ត្រូវគោរពវិន័យខ្លួនឯង គឺត្រូវដាក់កំរិតពេលវេលាច្បាស់លាស់ដើម្បីរៀនសូត្រហេីយត្រូវគោរពផង ទី២ វិន័យរបស់សាលា គឺត្រូវគោរពគ្រូ និងទី៣ ការស្វែងរកមិត្តល្អ ហើយចាប់ផ្ដើមរៀនសូត្រនៅសាលាបឋមសិក្សា អនុវិទ្យាល័យ រហូតដល់សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទន្ទឹមនឹងនោះ គឺត្រូវអនុវត្តចំណុចទាំង៣ខាងលើនេះឲ្យបាន ទេីបជីវិតយើងនឹងឈានទៅរកភាពជោគជ័យមិនខាន។ 
គួរបញ្ជាក់ផងដែរថា អគារសិក្សានេះបានចាប់កសាងរយៈពេល៤ខែ និង២០ថ្ងៃ រួចរាល់ជាស្ថាពរ ដោយអគារសិក្សា១ខ្នងនេះ មាន៥បន្ទប់ បំពាក់ដោយតុ កង្ហា ចាក់សាប និងជួសជុលកុដិនៅវត្តវិសុទ្ធវង្សាកណ្ដាលកោះ អស់ថវិកាសរុប ១១៦,០០០ដុល្លារសហរដ្ឋអាមេរិក ក្នុងនោះជួសជុលកុដិធ្វេីអំពីឈើប្រក់ក្បឿង ០១ខ្នង
អស់ថវិកាសរុប ២៥,០០០ដុល្លារសហរដ្ឋអាមេរិក ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចវិបុលសេនាភក្ដិ សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ៕





































