រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យសម្តេចតេជោហ៊ុនសែនស្រអែម បានរងការឆេះដោយសារឆ្លងចរន្តភ្លើងខណៈពេលកំពុងដឹកអ្នកជំងឺទៅជួយសង្គ្រោះបន្ត

0

ព្រះវិហារ៖ មេបញ្នាការកងរាជអាវុធហត្ថស្រុកគូលែន លោកអនុសេនីយ៍ឯក នួន ភារះ បានបញ្ជាក់ឲ្យដឹងថា កាលពីវេលាម៉ោង១២.៤៥នាទី ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩នេះ មានករណីមួយបានកើតឡើង ដោយរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យសម្តេចតេជោ ហ៊ុន សែនស្រអែម បានរងការឆេះដោយសារឆ្លងចរន្តខ្សែភ្លើង ខណៈពេលកំពុងដឹកអ្នកជំងឺ ទៅជួយសង្គ្រោះបន្ត នៅមន្ទីរពេទ្យភូមិភាគ០៤ នៃខេត្តសៀមរាប។

លោកអនុសេនីយ៍ឯក នួន ភារះ បានបញ្ជាក់ឲ្យដឹងបន្តថា នៅមុនពេលកើតហេតុរថយន្តសង្គ្រោះមួយគ្រឿង របស់មន្ទីរពេទ្យសម្តេចតេជោ ហ៊ុន សែនស្រអែម បានធ្វើដំណើរ នៅលើចំណុចផ្លូវជាតិលេខ៦៤ មានចម្ងាយប្រហែល០១គ.ម ខាងកើតអូរដូនស្ងួន ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើ បានឆាបឆេះទាំងរថយន្ត សម្ភារៈពេទ្យ រួមនឹងឯកសារអត្តសញ្ញាណប័ណ្ណអ្នកជម្ងឺ អស់ទាំងស្រុង ដោយសាររថយន្តខាងលើបានឆ្លងចរន្តខ្សែភ្លើង។ ប៉ុន្តែសំណាងល្អមិនបានបង្កការគ្រោះថ្នាក់ដល់អ្នកបើកបរ និងអ្នកជម្ងឺផងដែរ។

លោកអនុសេនីយ៍ឯក នួន ភារះ មេបញ្នាការកងរាជអាវុធហត្ថស្រុកគូលែន បានឲ្យដឹងដែរថាអ្នកបើកបររថយន្តសង្គ្រោះរបស់មន្ទីរពេទ្យសម្ដេចតេជោស្រអែម មានឈ្មោះ អោន សុផុន ភេទប្រុស អាយុ៤៦ឆ្នាំ។

ដោយឡែកអ្នកជម្ងឺមានឈ្មោះ ផាត់ ថុល ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរយោធា នៅអង្គភាពកងពលតូចអន្តរាគមន៍ទ័ពពិសេសឆ័ត្រយោងលេខ៩១១ ក្នុងភូមិសាស្ត្រឃុំយាង ប្រចាំទិសទី១ប្រាសាទព្រះវិហារ៕សួនលីណា