ព្រះវិហារ៖ ផ្លូវលំជន់បទក្រាលគ្រួសក្រហមប្រវែងជាង៦០០ម៉ែត្រ ចូលទៅកាន់ឃុំយាង ត្រូវបានរងការជន់លិច ដោយសារជំនន់ទឹកភ្លៀង បានធ្លាក់ជាបន្តបន្ទាប់ ទាំងយប់ទាំងថ្ងៃ ជាងមួយសប្ដាហ៍ នៅក្នុងចុងខែសីហានេះ។
លោក ហ៊ឹម ហឿន មេឃុំយាង បានបញ្ជាក់ឱ្យដឹងតាមទូរស័ព្ទថា ឃុំយាងមានភូមិចំនួន៦។ ហើយនៅក្នុងចំណោមភូមិទាំង៦នេះ នៅមិនទាន់មាន រងនូវការជន់លិចដោយសារជំនន់ទឹកភ្លៀងនោះនៅឡើយទេ។ គឺគ្រាន់តែជន់លិចផ្លូវក្រួសក្រហមចូលមកកាន់ឃុំ និងចេញទៅកាន់ភូមិជាំស្រែ ដោយសរុបប្រមាណជាង៦០០ប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងជំនន់ទឹកភ្លៀងនេះដែរ ប្រភពព័ត៌មានពីប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ លោក ចាប កុយ បានបញ្ជាក់ថា នៅក្នុងព្រឹកថ្ងៃសុក្រ ទី៣០ សីហានេះ កម្ពស់ទឹកសឹ្ទងសែនមានកម្ពស់ ៨ម៉ែត្រ,៦៦។ លោកថាចំពោះកម្រិតកម្ពស់ទឹកនេះ នៅមិនទាន់ដល់កម្រិតប្រកាសអាសន្ននោះទេ ដោយខេត្តព្រះវិហារកម្រិត ដែលត្រូវធ្វើការប្រកាសអាសន្ន ១១ម៉ែត្រ,៥០។
លោកបន្ថែមថា ទោះបីជាកម្រិតទឹកស្ទឹងសែន នៅមិនទាន់ដល់ការប្រកាសអាសន្នក្តី លោកក៏សូមធ្វើការអំពាវនាវ ទៅកាន់ប្រជាពលរដ្ឋទាំងអស់ ដែលមានលំនៅដ្ឋាន រស់នៅតាមតំបន់ដងស្ទឹង ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះកុមារតូចៗ ដោយមិនត្រូវបណ្តែតបណ្តោយឲ្យពួកគេនៅតែឯង ឬលេងទឹកជាដាច់ខាត ក្លាចក្រែងកើតមានរឿងអាក្រក់ឡើងជាយថាហេតុ៕សួនលីណា




































