បន្ទាយមានជ័យ៖ ចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តបន្ទាយមានជ័យ បន្តផ្ដល់អំណោយផ្គត់ផ្គង់ជីវភាពពរដ្ជជួបការលំបាក ១គ្រួសារ នៅនឹងលំនៅដ្ឋាន ស្ថិតក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោ អ៊ុង សុម៉ៅ ប្រធានផ្នែកទំនាក់ទំនងចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីសមាជិកចលនាយុវជនកម្ពុជាក្រុម១៥៧ក្រុងសិរីសោភ័ណ ថា មានប្រជាពលរដ្ឋ១គ្រួសារ កំពុងជួបការលំបាក ក្នុងមូលដ្ឋានក្រុងសិរីសោភ័ណ ទើបក្រុមការងារចលនាយុវជន១៥៧ ថ្នាក់ខេត្ត ក្រោមការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ និងការណែនាំរបស់លោក ចៅ ជីអាន ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តបន្ទាយមានជ័យ បាននាំអំណោយរួមមាន ៖ អង្ក ៥០គីឡូក្រាម មី១កេស ត្រូខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ប្រេងឆា១លីត្រ អំបិល១គីឡូក្រាម ស្ករស១គីឡូក្រាម ប៊ីចេង១គីឡូក្រាម ទឹកសុទ្ធ៥យួរ និងថវិកាមួយចំនួន ចែកជូនគ្រួសារលោកតាឈ្មោះ ផូ ហួន អាយុ៧៦ ប្រពន្ធឈ្មោះ ណង យ៉ៃ អាយុ៨០ឆ្នាំ រស់នៅក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ជាមួយគ្នានោះលោក ផូ ស៊ីតាល់ ប្រធានផ្នែករដ្ឋបាលចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា នេះជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចការងារ ជួយរំលែកទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ។ ថ្វីត្បិតតែអំណោយដែលត្រូវចែកជូន នៅមានកម្រិតតិចតួច តែវាអាចជួយដោះស្រាយទុក្ខរបស់គ្រួសារលោកតា ផូ ហួន បានមួយកម្រិត ហើយនេះក៏ជាទឹកចិត្តសាមគ្គីរបស់សមាជិកសមាជិកាក្រុមចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តបន្ទាយមានជ័យ ផងដែរ ។
ឆ្លើយតបទៅនឹងការនាំអំណោយមនុស្សធម៌នេះ លោក ពិន ប៉ាវ អនុភូមិពង្រ ក្នុងនាមអាជ្ញាធរមូលដ្ឋាន បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ក្រុមការងារចលនាយុវជនកម្ពុជាក្រុម១៥៧ ដែលបានយកចិត្តទុកដាក់លើ ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់លោក និងបាននាំអំណោយចែកជូននាពេលនេះ ។
គួរបញ្ជាក់ថា ជានិច្ចកាល ចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តបន្ទាយមានជ័យ តែនាំអំណោយចែកជូនគ្រួសារប្រជាពលរដ្ឋជួបការលំបាក ពលរដ្ឋមានជម្ងឺប្រចាំកាយ ទុរគតជន ជនពិការ និងសំភារៈសិក្សាដល់សិស្សានុសិស្ស ជាប្រចាំ ដែលសកម្មភាពទាំងនេះ ត្រូវបានមហាជនចាប់អារម្មណ៍ និងកោតសរសើរគ្រប់ៗគ្នា ៕ ដោយ ៖ឃិន គន្ធា




































