ទឹកស្ទឹងសែន ខេត្តព្រះវិហារ កំពុងហក់ឡើងកម្ពស់ ៩,៣០ម៉ែត្រហើយ នៅមិនទាន់ដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ននៅឡើយ

0

ព្រះវិហារ៖ គិតត្រឹមវេលាម៉ោង១០ព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩នេះ ទឹកស្ទឹងសែន ក្រុងព្រះវិហារ ខេត្តព្រះវិហារ បានហក់ឡើងដល់កម្ពស់ ៩,៣០ម៉ែត្រហើយ ខណ:ដែលកម្ពស់ទឹកឡើងដល់កម្ពស់ ១១,៥០ម៉ែត្រ ជាចំណុចប្រកាសឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ លោក ចាប កុយ បានបញ្ជាក់ថា បើល្ងាចនេះនៅចំណុចខាងលើក្បាលស្ទឹងសែន មិនមានភ្លៀងធ្លាក់បន្តទៀតទេ នោះក្នុងរយៈពេល ២-៣ថ្ងៃទៀតទឹកស្ទឹងសែន ក្រុងព្រះវិហារ នឹងមានការស្រកចុះវិញ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ កុំទាន់មានការព្រួយបារម្មណ៍ឡើយ។

ចំពោះមូលហេតុដែលនាំឲ្យទឹកស្ទឹងសែនបានហក់ឡើងនេះ គឺដោយសារតែមានភ្លៀងធ្លាក់ខ្លាំងនៅប៉ែកខាងលើ ស្រុកគូនលែន និងស្រុជាំក្សាន្ត មានភ្លៀងធ្លាក់ខ្លាំង។

សូមបញ្ជាក់ថា បន្ទាប់ពីភ្លៀងបានបន្តធ្លាក់រយ:ពេលជាច្រើនថ្ងៃមកនេះ បានធ្វើឲ្យជំនន់ទឹក ភ្លៀងហូរជន់លិចផ្លូវក្រាលគ្រួសក្រហម៥៥ម៉ែត្រ និងជ្រោះលូ៦កន្លែង ក្នុងនោះលូប្រអប់២កន្លែង លូភ្លោះ៤កន្លែង ព្រមទាំងហូរចូលក្រោមផ្ទះប្រជាពលរដ្ឋ១២ខ្នងផ្ទះ ស្ថិតក្នុងភូមិស្រែ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកសេត សែន មេឃុំរំដោះស្រែ លោកថា បើជំនន់ទឹកភ្លៀងនៅតែបន្តធ្លាក់ នោះផ្លូវលំគ្រួសក្រហមប្រហែលជា ១.៤៣០ម៉ែត្រ អាចនិងហូរជ្រោះដាច់។

ជាមួយនឹងការជន់លិចនេះ លោកមេឃុំ ក៏បានធ្វើការអំពាវនាវទៅកាន់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ជៀសវាងកើតមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕សួនលីណា