អាវុធហត្ថស្រុកជាំក្សាន្ត! ឃាត់ខ្លួនជនសង្ស័យ ២នាក់ រួមនឹងថ្នាំញៀន១៣កញ្ចប់

0

ព្រះវិហារ៖ ជនសង្ស័យចំនួន២នាក់ រួមនឹងវត្ថុតាងថ្នាំញៀន១៣កញ្ចប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ធ្វើការឃាត់ខ្លួន និងដកហូត កាលពីវេលាម៉ោង១៥.០០នាទី រសៀលថ្ងៃអង្គារ ទី០៣ កញ្ញានេះ ត្រង់ចំនុច UTM (477232-1565623) ស្ថិតនៅក្នុងភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

អនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត លោកបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការឆ្មក់ចុះបង្ក្រាប ទីតាំងករណីរក្សាទុក ប្រើប្រាស់ និងជួញដូរគ្រឿងញៀនដោយខុសច្បាប់ ដឹកនាំដោយលោកវរៈសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការកងរាជអាវុធហត្ថស្រុក ក្រោមការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ។

លោកអនុសេនីយ៍ឯក ជុន បូរ៉ា បានបញ្ជាក់ថា ចំពោះប្រតិបត្តិការចុះបង្ក្រាបទីតាំងខាងលើនេះជាលទ្ធផលកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដោយទី១ឈ្មោះ ធឿន រិទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ឃុំ.ខាងលើ និងទី២ឈ្មោះ រឿន ចិន្តា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួុត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកមេបញ្ជាការរងថា ជាមួយនិងការឃាត់ខ្លួននេះផងដែរ កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ក៏បានរកឃើញ និងធ្វើការដកហូតថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១៣កញ្ចប់តូច ស្មើនឹង៥,៧mg ទូស័ព្ទដៃចំនួុន០៣គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀនចំនួុន០១គ្រឿង ដាវចំនួុន០២ ព្រមទាំងសំភារះជក់ និងសំរាប់វេចខ្ចប់គ្រឿងញៀនមួុយចំនួុនទៀតផងដែរ។

លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានឲ្យដឹងបន្ថែមថា ចំពោះជនសង្ស័យ រួមនិងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្តនិងធ្វើការបញ្ជូនខ្លួនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់ នៅក្រោយការសួរនាំ និងស្តាប់ចំលើយចប់៕សួនលីណា