ជំនន់ទឹកភ្លៀងកំពុងវាយប្រហាមកលើស្រុកចំនួនបី នៃខេត្តព្រះវិហារ

0

ព្រះវិហារ៖ ប្រព័ន្ធសម្ពាធទាប និងឥទ្ធិពលព្យុះទី១៤ កាហ្ស៊ីគី កំពុងជះឥទ្ធិពលមកលើប្រទេសកម្ពុជា ដែលនាំឲ្យតំបន់ជាច្រើន ជាពិសេសនៅតំបន់ជួរភ្នំដងរែក មានភ្លៀងធ្លាក់យ៉ាងខ្លាំង បង្កឲ្យមានទឹកជំនន់កើតឡើងប៉ះពាល់ដល់ផលដំណាំ ផ្ទះសម្បែងប្រជាពលរដ្ឋ និងប្រព័ន្ធហេដ្ឋារចនាសម្ព័នជាច្រើនផងដែរ។

ពាក់ព័ន្ធទៅនឹងអាកាសធាតុនេះផងដែរ លោកចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារបានបញ្ជាក់ឱ្យនៅថ្ងៃពុធ ទី០៤ កញ្ញានេះថា ស្រុកចំនួនបី នៅក្នុងខេត្តព្រះវិហារ កំពុងរងនូវការជន់លិច ដោយសារជំនន់ទឹកភ្លៀងបានបន្តធ្លាក់ជាបន្តបន្ទាប់ ក្នុងរយៈពេលជាច្រើនថ្ងៃកន្លងមកនេះ ក្នុងនោះរួមមាន៖ ស្រុកឆែប ស្រុកគូលែន និងស្រុកជាំក្សាន្ត។

ប្រធានមន្ទីរធនធានទឹក នឹងឧតុនិយមខេត្តព្រះវិហារ បានបន្តថា នៅព្រឹកថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្រាប់កម្ពស់ទឹកនៅស្ថានីយីស្ទឹងសែនក្រុងព្រះវិហារ ខេត្តព្រះវិហារមានកម្ពស់១០.៥៨ម៉ែត្រ។ ​លោកថាការលិចលង់នេះ បណ្តាល​មកពី ភ្លៀងធ្លាក់ខ្លាំង ​ក្នុងបរិមាណជាង៩០មីលីម៉ែត្រ ប៉ុន្ដែមិនទាន់​ដល់ការប្រកាសអាសន្ន​នៅ​ឡើយទេ​។

លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ដ បានឱ្យដឹងថា មកទល់ពេលនេះ​ មាន​ក្មេងប្រុសម្នាក់ បានបាត់ខ្លួន ​ខណៈដែលរូបគេជិះម៉ូតូទៅជាមួយ នឹងម្ដាយឪពុក ឆ្លងកាត់​ទឹកជំនន់។ រីឯផ្លូវគមនាគមន៍វិញ ​នៅក្នុងឃុំយាង ​បានរងការ​ខូចខាតត្រូវបិទ​ធ្វើចរាចរបណ្ដោះអាសន្ន ដោយសារ​តែ​ទឹកជំនន់បានហូរកាត់លើស្ពាន ចំណែកឯផ្លូវបេតុងមួយខ្សែឡើងទៅច្រកតំបន់អានសេះ ក៏រងការ​ខូចខាតប្រវែង១០០ម៉ែត្រផងដែរ។ ​ជាមួយគ្នានោះ នៅក្នុងឃុំយាង ជំនន់ទឹកភ្លៀងនេះ បណ្ដាល​ឱ្យប៉ះពាល់ ​និងខូចខាតស្រូវវស្សា​ ប្រមាណ៦០០ហិកតា។

លោកអភិបាលស្រុក បានឱ្យដឹងបន្ដថា ជំនន់ទឹកភ្លៀងនេះ បានកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្ដបន្ទាប់ ពីលើជួរភ្នំដងរែក ​ទើបបណ្ដាលឱ្យជន់លិចផ្លូវ និងលំនៅដ្ឋានប្រជាពលរដ្ឋ។ ប៉ុន្ដែទោះជាយ៉ាងនេះក្ដី អាជ្ញាធរ​កំពុង​តាមដាន ពីទឹកជំនន់ ​និងណែនាំឱ្យប្រជា​ពលរដ្ឋមានការប្រុងប្រយ័ត្ន និងអាជ្ញាធរត្រៀមជាស្រេច ដើម្បី​ជម្លៀសពលរដ្ឋចេញពីតំបន់ទឹកជំនន់ ដើម្បីទៅកាន់ទីទួលសុវត្ថិភាពផងដែរ៕សួនលីណា