ពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងទទួលបានអំណោយសង្គ្រោះបឋមពីអាជ្ញាធរឃុំស្រអែម

0

ព្រះវិហារ៖ នៅរសៀលថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០១៩ លោក ប្រាក់ ភី មេឃុំស្រអែម រួមនឹងអាជ្ញាធរមូលដ្ឋាន ព្រមជាមួយកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រអែម បាននាំយកអំណោយសង្គ្រោះបឋម ចុះចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន១៦គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ១បេ ទឹកត្រី ១យួរ ប៊ិចេង ១កញ្ចាប់ និងថវិកា ១០,០០០រៀល ស្ថិតនៅក្នុងភូមិធម្មជាតិសម្ដេចតេជោ ហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ដោយឡែកគ្រួសារក្មេងប្រុសដែលរងគ្រោះទទួលបាន ថវិការសរុបចំនួន៧៥ម៉ឺនរៀល និងសម្ភារៈមួយចំនួនផងដែរ។

គួររំលឹកថារហូតមកដល់ល្ងាចថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ចំពោះជំនន់ទឹកភ្លៀងនៅស្រុកឆែប ស្រុកគូលែន មានសភាពនឹងអាចស្រកចុះវិញ បើសិនជាមិនមានភ្លៀងធ្លាក់ខ្លាំង នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីលោកឈួរ ម៉ាឌី អធិការនគរបាលស្រុកឆែប និងអភិបាលរងស្រុកគូលែន តាមប្រព័ន្ធទំនាក់ទំនង(ទូរស័ព្ទ)។

ក្នុងនោះលោកឈួរ ម៉ាឌី អធិការនគរបាលស្រុកឆែបបានបញ្ជាក់ថា ស្រុកឆែបដូចជាឃុំឆែបមួយ និងឃុំឆែបពី រួមនឹងឃុំកំពុងស្រឡៅមួយ ស្រឡៅពី ធ្វើឱ្យលិចលំនៅដ្ឋាន របស់ពលរដ្ឋនៅតាមមាត់អូរ និងប៉ុស្តិ៍ម្លូរព្រៃ១ ព្រមទាំងហេត្ថារចនាសម្ព័ន្ធមួយចំនួន។ លោកថារហូតមកដល់នៅល្ងាចថ្ងៃទី០៤កញ្ញានេះដែរ ស្ថានភាពទឹកកំពុងស្រកបណ្តើៗទៅវិញហើយ រីឯផលប៉ះពាល់មិនទាន់ធ្ងន់ធ្ងទេ ហើយក៏មិនមានគ្រោះថ្នាក់ដល់អាយុជិវិតមនុស្ស ឬសត្វនោះឡើយ។

អភិបាលរងស្រុកគូលែន លោកប៉ែន ជឹង បានបញ្ជាក់ឱ្យដឹងដែរថា ជំនន់ទឹកភ្លៀងនៅក្នុងស្រុកគូលែន ក៏មានការស្រកចុះទៅវិញបន្តិចផងដែរ។ ប៉ុន្តែជំនន់ទឹកភ្លៀងបានធ្វើឱ្យផ្លូវក្រាលគ្រួសក្រហម របស់មន្ទីរអភិវឌ្ឍជនបទ នៅចំណុចចុងភូមិព្នៅខាងជើង ត្រង់កែងស្ទឹង ប្របមាត់ស្ទឹង ត្រង់បង្គេាលភ្លេីងមាត់ច្រាំងស្ទឹង១កន្លែង មានរលុះច្រោះបាតផ្លូវខាងក្រេាម១កន្លែងទំហំ៤ម៉ែត្រ ដោយទឹកហូរឆ្លងកាត់ផ្នែកខាងក្រោមផ្លូវតែម្ដង។

លោកថា បេីតាមការពិនិត្យពីអាជ្ញាធរស្រុក និងឃុំ និងអាចមានគ្រោះថ្នាក់ដល់រថយន្តធន់ធំៗដែលឆ្លងកាត់នៅខាងលើផ្លូវនោះ ពីព្រោះការរលុះបាតក្រេាមមានទំហំធំពេក ហើយអាចនឹងប្រឈមទៅដល់ការបាក់ដីដាច់ផ្លូវទាំងមូលនៅថ្ងៃ ស្អែកនេះ ដូចនេះអាជ្ញាធរភូមិឃុំពុំមានលទ្ធភាពដើម្បីចាត់វិធានការបានឡេីយ។

ដោយឡែកសម្រាប់ឃុំយាងវិញ ជំនន់ទឹកភ្លៀងនៅតែបន្តហក់ឡើងខ្លាំង នេះបើតាមសេចក្តីរាយការណ៍ដែលភ្នាក់ងារទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ ប្រចាំខេត្តព្រះវិហារ ទទួលបាននៅល្ងាចថ្ងៃពុធ ទី០៤កញ្ញានេះ៕សួនលីណា