អភិបាល​ខេត្តកំពង់ចាម​ ចុះពិនិត្យ​ទីទួល​សុវត្ថិភាព​ ដេីម្បី​ត្រៀម​បង្ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​​ ខណៈ​ទឹក​ទន្លេ​មេគង្គ​នៅ​តែ​បន្ត​ហក់​ឡើង

0

​កំពង់ចាម​:​ ស្របពេល​ដែល​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ បាន​ធ្វេី​សេចក្តី​ជូន​ដំណឹង​​អំពី​ស្ថានភាព​ទឹកទន្លេមេគង្គលើ​ របស់កម្ពុជាអាចនឹងហក់ឡើង​ ហើយ​ក៏​សូម​ឲ្យ​ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅ​តាម​ដងទន្លេ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បី​បញ្ចៀស​នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។​

ជាមួយគ្នានោះ​ ឯកឧត្តម អ៊ុន​ ចាន់ដា​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​ និង​អាជ្ញាធរ​មូលដ្ឋាន​ ចុះពិនិត្យមេីលទីទួលសុវត្ថិភាពជាច្រេីនកន្លែង​ ដែល​qរួមមាន​ ទីទួល​សុវត្ថិភាព​វត្តពោធិវ័ន្តកោះប៉ែន វត្តសិរីសាគរកោះកំពង់ត្រុំ ក្បាល់ស្ពានកោះប៉ែន​ និងក្បាលភូមិស្វាយជ្រុំ​ ស្ថិត​នៅ​ក្នុង​ឃុំ​កោះ​មិត្ត​ ស្រុកកំពង់សៀម​ និង​ទីទួល​សុវត្ថិភាព​កំពុងសំណាញ់​ ឃុំមៀន​ ស្រុកព្រៃឈរ​ ដេីម្បីត្រៀមបង្ការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ​ សត្វពាហនៈ ជាដេីម​ ខណៈ​ពេល​ដែល​ទឹកទន្លេមេគង្គខេត្តកំពង់ចាម​ នៅ​តែ​បន្ត​ហក់ឡេីង។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្ដាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមដងទន្លេមេគង្គ​ ត្រូវរៀបចំលក្ខណៈឲ្យបានគ្រប់គ្រាន់ ក្នុងការជម្លៀសខ្លួនចេញទៅរក ទីទួលសុវត្ថិភាព ជាពិសេសត្រូវប្រយ័ត្នចំពោះកុមារតូចៗ នឹងសត្វអសិរពិសផ្សេងៗផងដែរ ហើយ​ក៏​សូម​ឲ្យ​បងប្អូនប្រជាពលរដ្ឋទាំងអស់រក្សាឲ្យបាននូវ ការហូបស្អាត ទឹកស្អាត និងរស់នៅស្អាត ដែលកត្តាទាំងនេះធ្វើឲ្យសុខភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ ចៀសវាងពី​ជម្ងឺផ្សេងៗផងដែរ​។​

បេីយោងតាម​របាយការណ៍​របស់​ លោក​ អ៊ុំ​ វិបុល​ មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម​ បាន​បញ្ជាក់​​ថា សម្រាប់ខេត្តកំពង់ចាម​ ចាប់​គិតត្រឹមថ្ងៃទី៥ កញ្ញា​ ២០១៩នេះ ទឹកទន្លេ​មេគង្គបាន​ហក់​ឡើង​ចូល​តាម​ដង​ព្រែក​បឹងបួ​រនានា​១០០%ហេីយ​ ដោយទឹកមាន​កម្ពស់​១៤.១០ម៉ែត្រ​ បេី​ប្រៀបធៀប​នឹង​ថ្ងៃ​ម្សិលមិញ​កេីនឡេីង​០.៥០ម៉ែត្រ​ ដោយ​ឡែក​​ឆ្នាំ​២០១៨កន្លងទៅ​ទឹក​មាន​កម្ពស់​​១៥.២៧ម៉ែត្រ​ ​ខណៈដែលកម្ពស់ទឹក​​ត្រូវ​ប្រកាស​អាសន្ន​១៥.២០ម៉ែត្រ​។ យោងតាម​ការ​ព្យាករណ៍​ឆ្នាំ​នេះ​ទឹក​អាចនឹងហក់​ឡើង​ខ្ពស់​ជាង​ចំណុច​ប្រកាស​អាសន្ន​ផង​ដែរ​ ៕